Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយគ្រួសារសពពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលទទួលមរណភាព ដោយការរញ្ជួយដីក្នុងប្រទេសថៃ (Video inside)

02-04-2025 19:31

(បន្ទាយមានជ័យ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ បានចាត់លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងសហការី នាំយកសារលិខិតរំលែកទុក្ខ និងសម្ភារៈរួមទាំងថវិកាចំនួន២០លានរៀល ជូនក្រុមគ្រួសារ នៃសពពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ភេទប្រុស អាយុ ២៣ឆ្នាំ ដែលបានទទួលមរណភាព ដោយការរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ខណៈកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។

សពត្រូវបានយកមកធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតស្ថិតនៅក្នុងភូមិបល្ល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ជាមួយគ្នានេះសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបានចូលរួមថវិកា១លានរៀល ជូនក្រុមគ្រួសារសពផងដែរ។

ក្នុងវេលាដ៏សែនក្ដុកក្ដួលនេះ លោក យូ ឡាណា បាននាំនូវការផ្តាំផ្ញើរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ ដោយសេចក្តីសោកស្តាយ ស្រណោះអាឡោះអាល័យពន់ពេក ជាមួយនឹងលោក លោកស្រី ចំពោះការបាត់បង់កូនជាទីស្រឡាញ់ ដែលប្រកបដោយកតញ្ញូតាធម៌ និងបានប្រកាន់ខ្ជាប់នូវគុណធម៌ ចរិយាធម៌ ប្រណិប័តន៍ចំពោះ ឪពុក ម្តាយ ក្រុមគ្រួសារ ព្រមទាំងមិត្តភក្តិ ញាតិសន្តានទាំងអស់។ ការលាចាករបស់ លោក មាស សាវ៉ាង ជាការបាត់បង់នូវពលរដ្ឋកម្ពុជាដ៏ល្អមួយរូប ដែលជាធនធានមនុស្សដ៏សំខាន់ក្នុងការ កសាងមូលដ្ឋានគ្រឹះក្នុងកិច្ចអភិវឌ្ឍជាតិ មាតុភូមិ។

តំណាងកាកបាទក្រហមកម្ពុជា លោកសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក មាស សាវ៉ាង សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕