(ភ្នំពេញ)៖ បន្ទាប់ពីមានការលើកឡើងរបស់លោក អេង ឆៃអ៊ាង ថា «ការដូរអាវគឺងាយដូចបកផ្លែចេកទុំ តែដូរចិត្តគឺលំបាកដូចបកផ្លែចេកខ្ចី» នោះ នៅរសៀលថ្ងៃទី៣១ ខែតុលានេះ ត្រូវបានលោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងឆ្លើយតបថា ការដែលអតីតសកម្មជន CNRP នៅឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ដូរអាវរបស់គណបក្សសង្រ្គោះជាតិ ហើយមកពាក់អាវគណបក្សប្រជាជនកម្ពុជា នាថ្មីៗនេះនោះគឺជាការផ្លាស់ប្តូរអត្តសញ្ញាណ និងជំនឿរបស់ពួកគេ មិនអាចប្រៀបទៅនឹងការបកចេញទុំ ឬចេកខ្ចីនោះទេ។
ការលើកឡើងរបស់ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងបន្ទាប់ពី លោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លើកឡើងនៅលើ បណ្តាញសង្គម Facebook ជាមួយនឹងការបង្ហោះរូបភាពសកម្មជនគាំទ្រ គណបក្សសង្គ្រោះជាតិ នៅឃុំកុមារាជា ស្រុកបាទី ដែលបានសម្រេចចិត្តដូរអាវសង្រ្គោះជាតិ ហើយពាក់អាវគណបក្សប្រជាជនកម្ពុជា។
លោក អេង ឆៃអ៊ាង បានរិះគន់ចំពោះរឿងនេះថា «ដូរអាវគឺងាយដូចបកផ្លែចេកទុំ តែដូរចិត្តគឺលំបាកដូចបកផ្លែចេកខ្ចី។ វប្បធម៌ដូរអាវនេះ គេឃើញគណបក្ស ប្រជាជនកម្ពុជាធ្វើតាំងពីឆ្នាំ ១៩៩៣ ម៉្លេះ តែលទ្ធផលបោះឆ្នោតឆ្នាំ ២០១៣ កន្លងមក បញ្ជាក់ថា "អាវដូរបាន តែចិត្តដូរមិនបានទេ"»។
ឆ្លើយតបនឹងការលើកឡើងនេះ លោក សួស យ៉ារ៉ា បានចាត់ទុកថា ការសម្រេចចិត្តផ្លាស់ប្តូរជំនឿ របស់សកម្មជន CNRP នៅឃុំកុមារាជា គឺជារឿងស្ម័គ្រចិត្ត និងត្រឹមត្រូវ។ លោកបានចំអកដល់គណបក្សសង្រ្គោះជាតិ នាពេលនេះ ទៅនឹងដើមឈើដែលកំពុងប្រេះបែក មិនអាចផ្តល់ជំនឿដល់ សកម្មជនដែលយល់ដឹងស៊ីជម្រៅបាន។
លោកថា «ករណីដើមឈើ បានប្រេះបែកមែក ឬត្រូវបានដើមឈើជ្រៃ វ័ល្លិព័ទ្ធហើយនោះ គឺជាពេលដែលដើមឈើត្រូវប្តូររូបជាដើមជ្រៃ ឬទុកឱ្យសំបកស្លាប់ ហើយដើមឈើក៏ស្លាប់។ ដូច្នេះសម្រាប់ប្រជាជន នៅឃុំកុមារាជា ខេត្តតាកែវ គឺជាការសម្រេចចិត្តដោយស្ម័គ្រចិត្ត និងត្រឹមត្រូវដើម្បីរក្សាអត្តសញ្ញាណ ជាដើមឈើខ្លឹមក្នុងរបត់ថ្មី នៃការប្រែប្រួលអាកាសធាតុ»។
ជាមួយគ្នានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា ក៏បានព្រមានដល់ គណបក្សសង្គ្រោះជាតិ កុំយកឈ្មោះគណបក្សប្រជាជនកម្ពុជា មកលាបពណ៌ ដើម្បីជាលេសបិទបាំងជំនួសប្រជាធិបតេយ្យប្រជាជន ដែលក្រុមអ្នកនយោបាយ តែងដាក់កំហុសលើប្រជាជនស្លូតត្រង់ថា ពួកគាត់មិនបានយល់ដឹងស៊ីជម្រៅ ដោយប្រដូចប្រជាជនត្រឹមសំបកចេកនោះទេ។
លោក សួស យ៉ារ៉ា បានបន្ថែមថា «ប្រជាជននិងគណបក្សគឺជាដើមឈើដ៏រឹងមាំ ដែលចាំបាច់ត្រូវមានសំបក និងខ្លឹមរស់នៅជាមួយគ្នារីកចំរើនដូចគ្នាក្នុងសន្តិភាពមួយ ដើម្បីប្រមូលផ្តុំទៅជាព្រៃស្រោង។ ព្រៃដ៏ធំនោះ គឺការកសាងកម្ពុជាសម័យទំនើប ក្រោមរាជរដ្ឋាភិបាលមួយដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាសរសរស្តម្ភនៃស្ថាបនិកសន្តិភាព និងការអភិវឌ្ឍក្រោមបាវចនា ជាតិ សាសនា និងព្រះមហាក្សត្រ»។
សូមបញ្ជាក់ថា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ម្សិលមិញ មានសកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ ចំនួន២១៥នាក់ នៅក្នុងឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ក្នុងនោះត្រូវបានគេរាយការណ៍ថា មានទាំងសមាជិកគណៈអចិន្ត្រៃយ៍បក្សឃុំ និងសកម្មជនលេចធ្លោនៅតាមភូមិក្នុងឃុំដែលមកពីកូតា សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បានស្ម័គ្រចិត្ត ផ្តាច់ខ្លួនចូលមករួមក្នុងជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។
ពិធីបញ្ចូលសមាជិកនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ស្វាយ ស៊ីថា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំកុមារាជា៕