(ភ្នំេពញ)៖ នៅរាត្រីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិ ចេញសេចក្តីប្រកាស ពាក់ព័ន្ធបុគ្គលឈ្មោះ ឈាវ មុន្និន មានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី នៃក្រសួងការពារជាតិ បង្ហោះវិដេអូលើបណ្តាញ TikTok ធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល។

ដើម្បីធានាការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទវិន័យ ក៏ដូចជាការរក្សាឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈ របស់កងទ័ព នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្តី រដ្ឋមន្តីក្រសួងការពារជាតិ បានសម្រេចចាត់តាំងឱ្យអង្គភាពជំនាញរៀបចំបង្កើតក្រុមប្រឹក្សាវិន័យ ក្នុងគោលបំណងធ្វើការពិនិត្យ និងវាយតម្លៃនូវរាល់ទង្វើទាំងឡាយដែលបុគ្គលខាងលើនេះបានប្រព្រឹត្តខុសឆ្គង ដើម្បីដាក់ទណ្ឌកម្មឱ្យស្របទៅនឹងច្បាប់ ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ៕