(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើឲ្យយុវជនទាំងអស់ ពិសេសសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ចូលរួមគាំទ្រព្រឹត្តិការណ៍ទេសចរណ៍នានា និងព្រឹត្តិការណ៍កីឡាជាតិលើកទី១ ឲ្យបានកុះករ ដើម្បីរួមគ្នាត្រៀមធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2023។

ការបំផុសចំណាប់អារម្មណ៍បែបនេះ ត្រូវបានធ្វើឡើងជំនួបសម្តែងការគួរសម និងរាយការណ៍ពីវឌ្ឍនភាពការងារ និងស្នើសុំអនុសាសន៍ណែ រវាងគណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន ម៉ានី ជាប្រធាន ជាមួយលោករដ្ឋមន្រ្តី ថោង ខុន ដើម្បីរួមចំណែកអភិវឌ្ឍវិស័យទេសចណ៍កម្ពុជា នាថ្ងៃទី៣១ ខែតុលានេះ ក្នុងទីស្ដីការក្រសួងទេសចរណ៍។

ក្នុងជំនួបនោះ លោករដ្ឋមន្រ្តីបានកោតសរសើរដល់ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានរួមចំណែកអភិវឌ្ឍទេសចរណ៍កម្ពុជា នាពេលកន្លងមក និងបានជម្រាបជូនពីសារៈសំខាន់ នៃវិស័យទេសចរណ៍ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ ដែលទាមទារនូវការគាំទ្រ និងចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសពីយុវជន ព្រមទាំងបានលើកនូវចំណុចជាយុទ្ធសាស្រ្តសំខាន់ៗមួយចំនួន រួមមាន៖

ទី១. ជាចក្ខុវិស័យអភិវឌ្ឍ «កម្ពុជា ជាគោលដៅទេសចរណ៍ស្អាត និងបៃតង» តាមរយៈការដាក់ចេញនូវចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ  ក្នុងនោះចលនាប្រឡងប្រណាំងទីក្រុងស្អាត ចលនាប្រឡងប្រណាំងឆ្នេរស្អាត ចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន នៅឆ្នាំ២០១៨ ដោយស្នើឲ្យមានការចូលរួម និងគាំទ្រពីយុវជនបន្ថែមទៀត រួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ប្រកបដោយនិរន្តភាព និងការទទួលខុសត្រូវ។

ទី២. ដើម្បីលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ក្រសួងទេសចរណ៍បានដាក់ចេញនូវយុទ្ធនាការ សេវាមួយ ស្តង់ដារមួយ, បុគ្គលិកម្នាក់ ជំនាញមួយ សំដៅជំរុញឲ្យយុវជនស្រឡាញ់មុខជំនាញវិជ្ជាជីវៈទេសចរណ៍ ហើយក៏បានរៀបចំឲ្យមានជាផែនការតម្រង់ទិសវិជ្ជាជីវៈទេសចរណ៍ សម្រាប់យុវជនកម្ពុជារួចហើយ។ ក្នុងន័យនេះ លោករដ្ឋមន្រ្តីបានស្នើឲ្យ ស.ស.យ.ក ចូលរួមផ្សព្វផ្សាយអំពី ផែនការតម្រង់ទិសនៃវិជ្ជាជីវៈ ដើម្បីឲ្យយុវជនចូលរួមចាប់យកជំនាញវិជ្ជាជីវៈ ក្នុងវិស័យទេសចរណ៍ ឆ្លើយតបនឹងតម្រូវការធនធានមនុស្ស ផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍ ដែលកម្ពុជាយើងនឹងមានតម្រូវការយ៉ាងច្រើន នាពេលខាងមុខ។

ទី៣. សារៈសំខាន់នៃវិស័យកីឡា ដែលយុវជនមានតួនាទីចូលរួមយ៉ាងសកម្ម ដើម្បីឆ្ពោះទៅការរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា SEA Games 2023។ ព្រឹត្តិការណ៍កីឡា គឺជាព្រឹត្តិការណ៍ទេសចរណ៍ ដែលរួមចំណែកផ្សព្វផ្សាយកម្ពុជា និងជាផលិតផលទេសចរណ៍មួយ ដែលអាចរកចំណូលជូនជាតិ បានយ៉ាងច្រើនផងដែរ។
 
លោករដ្ឋមន្រ្តី ក៏បានឯកភាពនឹងសំណូមពររបស់ ស.ស.យ.ក និងត្រៀមលក្ខណៈរួចជាស្រេច ក្នុងការចូលរួមសហការជាមួយ ស.ស.យ.ក និងគ្រប់ភាគីពាក់ព័ន្ធ ឆ្ពោះទៅការរៀបចំអង្គរសង្រ្កាន្ត ឆ្នាំ២០១៧ និងគ្រប់វេទិកាទេសចរណ៍នានា ពិសេសវេទិកាជាតិស្តីពី ការគ្រប់គ្រងឆ្នេរសមុទ្រ នាពេលខាងមុខ។

លោករដ្ឋមន្រ្តី ក៏បានស្នើឲ្យ ស.ស.យ.ក ជំរុញចលនាយុវជនឲ្យចូលរួម ក្នុងពីធីបិទកីឡាជាតិលើកទី១ នៅថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខ ឲ្យបានច្រើនកុះករផងដែរ៕