(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក នៅរសៀលថ្ងៃទី១ មេសា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោក ង្វៀន មីញវូ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោកវរសេនីយ៍ឯក ជិន វ៉ន់តឹម នាយការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា ចូលជួបជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ នៅអគ្គបញ្ជាការដ្ឋាន។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងអំណរគុណចំពោះឯកអគ្គរដ្ឋទូតវៀតណាម និងលោកវរសេនីយ៍ឯក នាយការិយាល័យអនុព័ន្ធយោធាវៀតណាម ដែលបានមកជូនពរឆ្នាំថ្មីនាឱកាសនេះ ដោយបានចាត់ទុកថានេះបង្ហាញពីមនោសញ្ចេតនា ស្រឡាញ់រាប់អានគ្នា និងពង្រឹងនូវចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ក្នុងភាពជាអ្នកជិតខាងល្អ។

អគ្គមេបញ្ជារង មេបញ្ជាការកងទ័ពជើងគោក បានរំលឹកឡើងវិញពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសនៅក្នុងដំណាក់កាលថ្មីដែលប្រទេសជាតិមាន សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ និងសូមចងចាំជានិច្ចនូវការលះបង់ដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងបុព្វហេតុរំដោះជាតិ និងនាំប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

មេបញ្ជាការជើងគោក បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលបានធ្វើការសហការជាមួយគ្នាយ៉ាងជិតស្និទ្ធ និងបានថ្លែងអំណរគុណបក្សរដ្ឋ កងទ័ពវៀតណាម ដែលបានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជាទាំងមធ្យោបាយ សម្ភារៈ ថវិកា ជាពិសេសការជួយបណ្ដុះបណ្ដាលធនធានមនុស្សឲ្យមានការរីកចម្រើន។

ក្នុងកិច្ចឆ្លើយតប លោក ង្វៀន មីញវូ បានថ្លែងអំណរគុណចំពោះអគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ដែលបានទទួលស្វាគមន៍ដល់ប្រតិភូអគ្គរដ្ឋទូតវៀតណាម និងអនុព័ន្ធយោធាវៀតណាម ដើម្បីជូនពរឆ្នាំថ្មី និងបានសម្ដែងនូវមនោសញ្ចេតនារីករាយចំពោះការមកបំពេញបេសកកម្មការទូតនៅកម្ពុជា បានឃើញនិងស្គាល់ពីវប្បធម៌ប្រពៃណីដ៏ល្អផូផង់របស់កម្ពុជា។

លោកបានជូនពរឆ្នាំថ្មីជូនចំពោះមេបញ្ជាការកងទ័ពជើងគោក និងសហការី ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា សុភមង្គល និងសម្រេចបានជោគជ័យក្នុងភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន ពិសេសសូមឱ្យចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម កាន់តែរីកចម្រើន និងស្ថិតស្ថេរអមតៈ៕