(ភ្នំពេញ)៖ លោក មែ ស៊ីថន ជំនួយការផ្ទាល់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាំយកសារលិខិតរំលែកមរណទុក្ខជូនចំពោះលោកស្រី ស៊ុំ សុភី និងក្រុមគ្រួសារចំពោះមរណភាពលោកបណ្ឌិតសភាចារ្យ ព្រំ ម៉ល់ សមាជិកពេញសិទ្ធិរាជបណ្ឌិត្យសភាកម្ពុជា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង៩:១៥ នាទីយប់ ក្នុង ជន្មាយុ ៩២ឆ្នាំ ដោយរោគាពាធ។
តាមរយៈសារលិខិតរំលែកមរណទុក្ខ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំ និងភរិយា ពិតជាមានសេចក្តីក្តុកក្តួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយទទួលដំណឹងថា ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រំ ម៉ល់ ទីប្រឹក្សារាជរដ្ឋាភិបាល និងជាសមាជិកពេញសិទ្ធិរាជបណ្ឌិតសភាកម្ពុជា
អតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ដែលជាស្វាមីរបសលោកជំទាវ លោកបានទទួលមរណភាពនៅថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៩:១៥នាទីយប់ ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំនិងភរិយាសូមចូលរួមរំលែកទុក្ខជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមសម្តែងនូវសេចក្តីសង្វេគ ប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅបំផុត។ ការបាត់បង់ ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រំ ម៉ល់ គឺជាការបាត់បង់ស្វាមី ដែលប្រកបដោយសង្គហធម៌ដ៏ឧត្ដុង្គឧត្តមចំពោះភរិយា និងជាការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗ ចៅៗ រួមនឹងញាតិមិត្តជិតឆ្ងាយទាំងអស់ ជាពិសេសគឺជាការបាត់បង់បញ្ញវន្តជាតិមួយរូប ដែលជាធនធានមនុស្សដ៏ល្អឆ្នើមពោរពេញដោយឆន្ទៈមនសិការក្នុងការបម្រើដល់បុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាងសកម្មនៅក្នុងការលើកស្ទួយនូវតម្លៃខេមរភាសា និងប្រវត្តិសាស្ត្រខ្មែរប្រកបដោយជំនាញវិជ្ជាជីវៈច្បាស់លាស់ និងស្មារតីទទួលខុសត្រូវខ្ពស់ជារៀងរហូតមក។
ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រំ ម៉ល់ សូមឱ្យឆាប់បានយោនយកកំណើតកើតនៅក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ»៕