(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងលើកទិសដៅអនុវត្តនៅត្រីមាសទី២ ឆ្នាំ២០២៥ របស់ក្រសួងការពារជាតិ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងអង្គភាពក្រោមចំណុះផងដែរ។
បើតាម នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅក្នុងត្រីមាស ឆ្នាំ២០២៥នេះ តាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃ រដ្ឋសភា កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់ពុះពារអនុវត្តភារកិច្ចជាក់ស្តែងចំពោះមុខដោយសម្រេចបាននូវសមិទ្ធផលការងារសំខាន់ៗដូចខាងក្រោម៖
* សភាពការណ៍យោធានៅតាមតំបន់ព្រំដែនមានភាពស្ងប់ស្ងាត់ធម្មតា៖ កងយោធពលខេមរភូមិន្ទបានធ្វើល្បាតជាប្រចាំក្នុងភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួនសរុបចំនួន៣ ៥១៤លើក (ព្រំដែនកម្ពុជា-ថៃ ១ ២៦៩លើក កម្ពុជា-វៀតណាម១ ៣៨៦លើក កម្ពុជា-ឡាវ៨៥៩លើក) ដើម្បីតាមដានត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន និងសកម្មភាពឆ្លងដែនខុសច្បាប់ទៅវិញទៅមក ព្រមទាំងបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាងដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងដោយសន្តិវិធី។
* សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងប្រទេស៖ កងយោធពលខេមរភូមិន្ទ បានម្ចាស់ការ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងបណ្តាស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធនានាធ្វើការបង្ការ ទប់ស្កាត់និងបង្ក្រាបសកម្មភាពបទល្មើសគ្រប់ប្រភេទ និងភាពអនាធិបតេយ្យផ្សេងៗ ពិសេសសកម្មភាព កាប់ទន្ទ្រានកាន់កាប់ដីខុសច្បាប់ បំផ្លិចបំផ្លាញធនធានធម្មជាតិ នេសាទខុសច្បាប់ គេចពន្ធនិងសកម្មភាព ជួញដូរប្រើប្រាស់គ្រឿងញៀន ដោយសម្រេចបាននូវលទ្ធផលល្អ។ ជាក់ស្តែងករណីបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិមកើតឡើងចំនួន១ ០៤៦លើក កងយោធពលខេមរភូមិន្ទម្ចាស់ការបង្ក្រាបបានចំនួន៧០៧លើក។
* ការងារហ្វឹកហ្វឺនបណ្តុះបណ្តាល និងបំប៉នជំនាញផ្សេងៗ បានបន្តធ្វើការហ្វឹកហ្វឺនវគ្គឆ្នាំចាស់ និងអនុវត្តផែនការហ្វឹកហ្វឺនឆ្នាំ២០២៥ សរុប ១២៣វគ្គស្មើនឹង៧ ៦០៤នាក់។
* បានបន្តយកចិត្តទុកដាក់អនុវត្តការរៀបចំសំណុំបែបបទយោធិនពលី-មរណៈ ពិការ ចូលនិវត្តន៍ បាត់បង់ សមត្ថភាពការងារ ផ្ទេរទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា។
* ការបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ៖ បច្ចុប្បន្នកម្ពុជាឈរលំដាប់លេខរៀងទី២៨ក្នុងចំណោម១២០ប្រទេសបរិច្ចាគកម្លាំង និងលេខ៣ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ ការ បញ្ជូនកម្លាំងនារីឈរលំដាប់លេខរៀងទី១៣ ក្នុងចំណោម១២០ប្រទេសបរិច្ចាគកម្លាំង ស្ទួនជាមួយប៉ាគីស្ថាន និងលេខ២ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី។
សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៥ ក្រសួងការពារជាតិ នឹងបន្តអនុវត្តការងារហ្វឹកហ្វឺនបណ្តុះបណ្តាល បំប៉នជំនាញផ្សេងៗដល់កងយោធពលខេមរភូមិន្ទ ព្រមទាំងជ្រើសរើសនិងបញ្ជូនសិក្ខាកាមទៅបំពេញកម្មសិក្សានៅក្រៅប្រទេសតាមផែនការ។ បន្ថែមពីនេះ ក៏បានត្រៀមរៀបចំលំហាត់សមយុទ្ធ «នាគមាសឆ្នាំ២០២៥» រវាងកងយោធពលខេមរភូមិន្ទនិងកងទ័ពរំដោះ ប្រជាជនចិនផងដែរ៕