(ភ្នំពេញ)៖ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់សាធារណជន​ ក្នុងការសិក្សាស្រាវជ្រាវនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥, លោក លី មីណា អភិបាលស្រុកបុរីអូរស្វាយសែនជ័យ និងមន្រ្តីរដ្ឋបាលស្រុក បានបរិច្ចាគសៀវភៅចំនួន៨ក្បាលជូន «អាគារមរតកសង្គមរាស្រ្តនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)» ដែលជាសាខាមួយរបស់ព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា ស្ថិតនៅស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង ដើម្បីរក្សាទុកនៅបណ្ណាល័យដែលជាទីកន្លែងផ្តល់ធនធានចំណេះដឹងដ៏សម្បូរបែប។

សៀវភៅទាំងនោះរួមមាន៖ សៀវភៅប្រវត្តិសាស្រ្ត, សៀវភៅប្រលោមលោក, សៀវភៅទស្សនវិជ្ជា, សៀវភៅសម្រាប់កុមារ និងភូមិវិទ្យាជាដើម។ ការបរិច្ចាគសៀវភៅទាំងនេះ គឺជាការចូលរួមចំណែកគាំទ្រដល់បេសកកម្ម ក៏ដូចជាគោលបំណងរបស់ «អាគារមរតកសង្គមរាស្រ្តនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)» នៃព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងការជំរុញឱ្យមានការអានសៀវភៅ និងបង្កើនចំណេះដឹងរបស់សិស្សានុសិស្ស, គ្រូបង្រៀន, អ្នកសិក្សាស្រាវជ្រាវ និងប្រជាពលរដ្ឋទូទៅនៅមូលដ្ឋានស្រុកបុរីអូរស្វាយ-សែនជ័យ និងខេត្តស្ទឹងត្រែង។ សៀវភៅដែលអភិបាលនៃគណៈអភិបាលស្រុកបានប្រគល់ជូន មានដូចជា៖

ទី១៖ សៀវភៅ៖ «សម្ដេច ហ៊ុន សែន៖ ៣យន្តការ ឈ្នះកូវីដ-១៩»

ទី២៖ សៀវភៅ៖ «អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី (ភាគ ១)»

ទី៣៖ សៀវភៅ៖ «កូនប្រុសច្បងដ៏មានឥទ្ធិពល»

ទី៤៖ សៀវភៅ៖ «សម្ដេចតេជោ ហ៊ុន សែន៖ អ្នកគូសវាសជោគវាសនាកម្ពុជា»

នៅក្នុងចំណោមសៀវភៅទាំងនោះ មានឯកសារសៀវភៅប្រវត្តិសាស្ត្រសំខាន់ៗ ដូចខាងក្រោម៖

ទី៥៖ សៀវភៅ៖ «NORODOM SIHANOUK PHOTOS-SOUVENIRS de mon CAMBODGE (ANNÉES 60)»

ទី៦៖ សៀវភៅ៖ «ពិធីថ្វាយគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់ឧត្តុង្គឧត្តម «មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន» ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៃព្រះរាជាណាចក្រកម្ពុជា (បានប្រព្រឹត្តឡើងនៅទីក្រុងប៉េកាំង ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២០)»

ទី៧៖ សៀវភៅ៖ «ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ ៧០ យាងចូល ៧១ ព្រះវស្សា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ដែលបានប្រារព្ធឡើងក្នុងថ្ងៃសៅរ៍ ៩ រោច និងថ្ងៃអាទិត្យ ១០ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ (កាលពីថ្ងៃទី ១៣-១៤ ខែឧសភា ឆ្នាំ ២០២៣)»

ទី៨៖ សៀវភៅ៖ «ព្រះរាជពិធីបុណ្យខួប ១០០ ព្រះវស្សានៃការប្រសូត (១៩២២-២០២២) និងព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធខួបឆ្នាំទី ១០ នៃការយាងចូលព្រះទិវង្គត (២០១២-២០២២) ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ»

លោកអភិបាលស្រុក មានប្រសាសន៍ថា៖ «ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយ និងក្ដីរំភើបក្នុងការនាំយកសៀវភៅសរុបចំនួន៨ប្រភេទផ្សេងៗគ្នា ដែលសៀវភៅ៤ក្បាលខ្ញុំបានទទួលផ្ទាល់ព្រះហស្តពីហ្លួងម៉ែ និងសៀវភៅ៤ក្បាលទៀត ខ្ញុំទទួលបានពីប្រធានសមាគមអ្នកនិពន្ធខ្មែរ, មករក្សាទុកនៅ «អគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)» នៃព្រះរាជបណ្ណាល័យហ្លួងម៉ែ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់សាធារណជនក្នុងការសិក្សាស្រាវជ្រាវបន្ត។»

ក្រុមការងារនៃ «អាគារមរតកសង្គមរាស្រ្តនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)» សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកអភិបាលនៃគណៈអភិបាលស្រុក និងមន្រ្តីរដ្ឋបាលស្រុក ចំពោះចិត្តដ៏សប្បុរសក្នុងការបរិច្ចាគសៀវភៅ ដើម្បីលើកកម្ពស់ស្មារតីពលរដ្ឋក្នុងការអាន និងសិក្សាស្រាវជ្រាវ បង្កើនចំណេះដឹង និងបំផុសគំនិតចូលរួមអភិវឌ្ឍន៍សហគមន៍៕