(ភ្នំពេញ)៖ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសប្រទានព្រះរាជសាររំលែកនូវមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារពលករខ្មែរម្នាក់ ដែលបានស្លាប់បាត់បង់ជីវិតក្រោមគំនរអគារបណ្តាលពីហេតុការណ៍រញ្ជួយដីនៅប្រទេសថៃ។
សម្ដេចព្រះមហាសុមេធាធិបតី សម្ដេចព្រះសង្ឃនាយក បានចាត់ព្រះមេគណ សហការី គណ មន្ត្រីសង្ឃសាលាគណខេត្តបន្ទាយមានជ័យ និងព្រះគ្រូអនុគណស្រុកម៉ាឡៃ នាំយកនូវសារលិខិតរំលែកមរណទុក្ខ និងថវិកា ចំនួន ១,០០០,០០០ (មួយលានរៀល) របស់សម្ដេចជាអម្ចាស់ផ្ទាល់ចូលរួមនៅលំនៅដ្ឋានសាច់ញាតិនៃសព នៅភូមិបល្ល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ផងដែរ។
សម្ដេចព្រះមហាសុមេធាធិបតី សូមឧទ្ទិសកុសលផលបុណ្យទាំងឡាយជូនចំពោះដួងវិញ្ញាណក្ខន្ធសព លោក មាស សាវ៉ាង សូមបានទៅចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕