(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះលោកជំទាវ ស៊ុំ សុភី និងក្រុមគ្រួសារចំពោះមរណភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រំ ម៉ល់ សមាជិកពេញសិទ្ធិរាជបណ្ឌិត្យសភាកម្ពុជា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង៩:១៥ នាទីយប់ ក្នុង ជន្មាយុ ៩២ឆ្នាំ ដោយរោគាពាធ។
សារលិខិតរំលែកមរណទុក្ខនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មរណភាពឯកឧត្តមបណ្ឌិតសភាចារ្យ ព្រំ ម៉ល់ គឺជាការបាត់បង់ឧត្តមស្វាមី ឪពុក ជីតា ដែលប្រកបដោយព្រហ្មវិហារធម៌ និងជាម្លប់ដ៏ត្រជាក់នៃក្រុមគ្រួសារ ពិសេសគឺជាការបាត់បង់នូវបញ្ញវន្តដ៏ឧត្តុង្គឧត្តម មួយរូបដែលជាធនធានមនុស្សដ៏កម្ររបស់ប្រជាជាតិខ្មែរយើងទាំងមូល។
នៅក្នុងឋានៈជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា ទីប្រឹក្សារាជរដ្ឋាភិបាល និងអតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ឯកឧត្តមបណ្ឌិតសភាចារ្យ តែងតែបានចូលរួមយ៉ាងសកម្ម បូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ស្រាវជ្រាវ ជ្រោមជ្រែង និងដឹកនាំវិស័យអក្សរសាស្ត្រជាតិខ្មែរឱ្យរឹតតែមានភាពរីកចម្រើនជាលំដាប់។
គុណបំណាច់ដ៏ធំធេង និងគំរូវីរភាពដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រំ ម៉ល់ ខ្ញុំ និងភរិយា ក៏ដូចជាប្រជាជាតិខ្មែរទាំងមូល នឹងចងចាំជានិច្ចចារឹកទុកក្នុងចិត្ត និងក្នុងប្រវត្តិសាស្ត្រ។ ខ្ញុំនិងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សូមបានទៅ កាន់សុខពិភពកុំបីឃ្លៀងឃ្លាតឡើយ៕