(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ រួមជាមួយអភិបាលរង មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងយុវជន ស.ស.យ.ក ខណ្ឌដង្កោ សហការជាមួយ អង្គការមូលនិធិព្រះពុទ្ធសាសនា ឆឺជី បាននាំយកអំណោយ ទៅចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង តាមបណ្តោយស្ទឹងព្រែកត្នោត ចំនួន ១,៧៤២គ្រួសារ ក្នុងសង្កាត់១០ របស់ខណ្ឌដង្កោ រួមមាន៖ សង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់គងនយ សង្កាត់រលួស សង្កាត់ព្រែកកំពឹស សង្កាត់ព្រៃវែង សង្កាត់ព្រៃស សង្កាត់ក្រាំងពង្រ និងសង្កាត់ជើងឯក។
ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា ខណ្ឌដង្កោ បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យថែរក្សាសុខភាពឲ្យបានល្អតាមរយៈ ការអនាម័យការរស់នៅ ហូបស្អាត ផឹកស្អាត ជាពិសេសប្រុងប្រយត្នចំពោះការយាយី ពីសត្វអសិរពឹសនានា និងការពារកុមារតូចៗ កុំឲ្យទៅលេងទឹក ដែលអាចបង្កឲ្យមានការគ្រោះថ្នាក់។
ជាមួយគ្នានេះ លោកអភិបាល ក៏បានថ្លែងអំណរគុណ ដល់លោកប្រធានអង្គការមូលនិធិព្រះពុទ្ធសាសនា ឆឺជី ប្រចាំកម្ពុជាដែលបានយក ចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងមូលដ្ឋានខណ្ឌដង្កោ ក្រោយពីមានការទំនាក់ទំនងរបស់រដ្ឋបាលខណ្ឌដង្កោ។
សូមបញ្ជាក់ថា អំណោយដែលយកទៅចែកជូនក្នុងឱកាសនោះ គឺក្នុង១គ្រួសារទទួលបាន អង្ករ៤០គីឡូក្រាម៕