(តាកែវ)៖ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានថ្លែងឲ្យដឹងថា នៅពេលឆាប់ៗខាងមុខនេះក្រុមហ៊ុនចិនហុងកុងចំនួន ១២ក្រុមហ៊ុន នឹងមកធ្វើការវិនិយោគនៅក្នុងខេត្តតាកែវ ដោយចំណាយទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ប្រមាណ ២០០លានដុល្លាអាមេរិក។
នៅចំពោះមុខបងប្អូនប្រជាពលរដ្ឋនៅក្នុងកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយបញ្ចប់ករណីសំណើសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋចំនួន ៤៥គ្រួសារ នៅភូមិឬស្សីមួយគុម្ព ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ នៅព្រឹកថ្ងៃអង្គារ៍ ទី១ ខែមេសា ឆ្នាំ២០២៥នេះ លោកអភិបាលខេត្តតាកែវ នថ្លែងថា ដោយសារស្ថានភាពហេដ្ឋាម្ព័ន្ធនៅក្នុងខេត្តតាកែវ មមានទាំងផ្លូវទឹក ផ្លូវគោក ផ្លូវដែក និងផ្លូវអាកាស រួមផ្សំនឹងសក្ដានុពលរបស់ខេត្តជាច្រើនទៀត បានទាក់ទាញអ្នកវិនិយោគចិនហុងកុងជាច្រើនក្រុមហ៊ុនមកបណ្ដាក់ទុននៅក្នុងខេត្តតាកែវក្នុងពេលឆាប់ៗខាងមុខនេះក្នុងទំហំប្រមាណ២០០លានដុល្លារ។
អភិបាលខេត្តតាកែវ បានថ្លែងបន្តថា គម្រោងវិនិយោគរបស់ក្រុមហ៊ុនចិនហុងហុងអាចនឹងត្រូវយកមកដាក់នៅក្នុងស្រុកត្រាំកក់ ហើយគម្រោងវិនិយោគនេះនឹងផ្ដល់ការងារជូនបងប្អូនប្រជាពលរដ្ឋបានប្រមាណជាង១ម៉ឺន៥ពាន់នាក់៕