Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មានសត្វមាន់ទាងាប់ជាង១៥០ក្បាល នៅក្រុងក្រចេះ,​ មន្ត្រីជំនាញចុះបាញ់សម្លាប់មេរោគ និងតាមដានសុខភាពសត្វ

01-04-2025 15:22

(ក្រចេះ)៖ មន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានបាញ់សម្លាប់មេរោគ និងតាមដានសុខភាពសត្វនៅតាមខ្នងផ្ទះមួយចំនួន ក្នុងក្រុងក្រចេះ ក្រោយពីកើតមានករណីសត្វមាន់ទាងាប់ជាបន្តបន្ទាប់រហូតជាង១៥០ក្បាល។

លោក កេត សារឿន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានឲ្យដឹងនៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ថា រយៈពេល២ថ្ងៃនេះ មន្ត្រីជំនាញ គឺបានចុះបាញ់សម្លាប់មេរោគ និងតាមដានសុខភាពសត្វចំនួន៦ខ្នងផ្ទះ នៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ។

លោកថា «មន្ត្រីជំនាញបានចុះតាមដានសុខភាពសត្វមាន់ទា និងបានចុះយកសំណាកសត្វមាន់ចំនួន២ក្បាល និងសត្វទា១ក្បាល ផ្ញើទៅពិនិត្យនៅវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីតាមដានរោគ សញ្ញាជាក់លាក់ ហើយក្រុមការងារក៏បាញ់ថ្នាំសំលាប់មេរោគ រយៈ២ថ្ងៃជាប់គ្នាគឺថ្ងៃទី៣១ ខែមីនា និងថ្ងៃទី១ ខែមេសា តាមផ្ទះមានកន្លែងមាន់ងាប់»

ករណីនេះមន្ត្រីជំនាញ បានបញ្ជាក់ថា តាមការសន្និដ្ឋានជាក់ស្ដែងជំហានដំបូង ករណីសត្វមាន់ទា ឈឺ ឬងាប់ខាងលើនេះ អាចបង្កឡើងដោយបញ្ហាបម្រែបម្រួលអាកាសធាតុ ហើយចំពោះរោគសញ្ញា មន្ត្រីជំនាញមិនទាន់ប្រាកដទេ រង់ចាំលទ្ធផល នៃវត្ថុវិភាគចេញមកសិន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ កន្លងទៅនេះ អ្នកជំងឺផ្ដាសាយបក្សី១ករណី កើតលើកុមារាអាយុ៣ឆ្នាំ ៦ខែម្នាក់ បណ្តាលឲ្យស្លាប់ ដោយសាជំងឺផ្ដាសាយបក្សីប្រភេទ «H5N1» ពីវិទ្យាស្ថានជាតិសុខភាព សាធារណៈនៅភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ៕