(ភ្នំពេញ)៖ បណ្តាញព័ត៌មាន Fresh News ដែលជាស្ថាប័នព័ត៌មានឈានមុខមួយនៅកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះ បានទទួលបណ្ណសរសើរពីក្រសួងព័ត៌មាន ក្នុងនាមជាអង្គភាពព័ត៌មាន «អ្នកនាំសារពិត» ក្នុងការផ្សព្វផ្សាយព័ត៌មានជាច្រើន ទៅជូនដល់ដៃសាធារណជន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញការយល់ដឹងពីវិស័យនានានៅកម្ពុជា។

ការប្រគល់បណ្ណសរសើរនេះធ្វើឡើងដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងពិធីប្រកាសបើកជាផ្លូវការ ការអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» «Say No to Fake News»។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ថ្នាក់ដឹកនាំរាជធានី ខេត្ត ដែលទទួលបន្ទុកការងារព័ត៌មាន អ្នកសារព័ត៌មានជាតិ អ្នកមានឥទ្ធិពលក្នុងបណ្តាញសង្គម ដោយបានចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ ចំនួនជាង១ពាន់នាក់។

គិតមកដល់ពេលបច្ចុប្បន្ននេះ បណ្តាញព័ត៌មាន Fresh News បាននឹងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយនូវព័ត៌មានពិតជារៀងរាល់ថ្ងៃ និងលើព័ត៌មានគ្រប់វិស័យដើម្បីបញ្ជ្រាបចំណេះដឹងដល់សាធារណជន ជាពិសេសអង្គភាពព័ត៌មាន បានក្លាយជាអង្គភាពព័ត៌មានមួយ ដែលបានបញ្ជូនព័ត៌មានពិត រហ័ស ទុកចិត្តជូនដល់ដៃមិត្តអ្នកអានរបស់ខ្លួនដើម្បីចូលរួមចំណែកលប់បំបាត់នូវព័ត៌មានក្លែងក្លាយផងដែរ៕