(ពោធិ៍សាត់)៖ វគ្គបណ្តុះបណ្តាល ស្តីពីការតម្រង់ទិសអនុវត្តការងារអត្រានុកូលដ្ឋាន និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ជូនដល់មន្ត្រីអត្រានុកូលដ្ឋានថ្នាក់ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ ចំនួន៤១១នាក់ ត្រូវបានធ្វើពិធីបិទនារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីបានដំណើរការអស់រយៈពេលពេញមួយថ្ងៃពេញ នៅសាលប្រជុំធំថ្មីសាលាខេត្ត ដែលរៀបចំឡើងដោយ នាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ សហការជាមួយរដ្ឋបាលសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

លោក សួង សារ៉ាវុធ នាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់ បានលើកឡើងថា វគ្គបណ្តុះបណ្តាលតម្រង់ទិស ស្តីពីការអនុវត្តការងារអត្រានុកូលដ្ឋាន និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ជូនដល់មន្ត្រីអត្រានុកូលដ្ឋាន ឃុំ សង្កាត់ ស្មៀន និងមន្ត្រីទទួលបន្ទុកការងារអត្រានុកូលដ្ឋានថ្នាក់ខេត្ត ស្រុក ក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ មានគោលបំណង ក្នុងការពង្រឹងសមត្ថភាព បង្កើនការយល់ដឹង អំពីបែបបទនីតិវិធី នៃការអនុវត្តការងារអត្រានុកូលដ្ឋាន និងលិខិតបទដ្ឋានគិតិយុត្ត ដោយមានគ្រូបង្គោលមានបទពិសោធន៍មកពីថ្នាក់ជាតិ។ បន្ទាប់ពីធ្វើតេស្តបញ្ចប់វគ្គ សិក្ខាកាមបានយល់ដឹង៩៦,៩៦% បានបង្ហាញឱ្យឃើញថា កម្រិតយល់ដឹងបានកើនឡើងប្រមាណ៩៣,៩៣% សង្ឃឹមថានៅពេលត្រឡប់ទៅមូលដ្ឋានវិញ អនុវត្តការងារទទួលបានជោគជ័យ ប្រកបដោយប្រសិទ្ធិភាព និងភាពទទួលខុសត្រូវខ្ពស់។

មានប្រសាសន៍បិទវគ្គបណ្តុះបណ្តាល លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណ ចំពោះលោក យឹម សំអុល អនុប្រធាននាយកដ្ឋាន អត្រានុកូលដ្ឋាន តំណាងលោកប្រធានអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ និងសហការី ក៏ដូចសិក្ខាកាម ដែលទទួលបានការបណ្តុះបណ្តាលតម្រង់ទិស ស្តីពីអនុវត្តការងារអត្រានុកូលដ្ឋាន និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ស្របតាមច្បាប់ដ៏មានសារៈសំខាន់នេះ សម្រាប់យើងទាំងអស់គ្នាជាអ្នកប្រតិបត្តិករ នៅថ្នាក់ក្រោមជាតិផ្ទាល់។ វគ្គបណ្តុះបណ្តាលដែលបានបញ្ចប់នាពេលនេះ នឹងក្លាយជាដើមទុនទាំងអស់គ្នា ជាតួរអង្គក្នុងការបម្រើសេវាសាធារណៈផ្ទាល់ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធិភាព ប្រសិទ្ធផលខ្ពស់ និងកាន់តែច្បាស់ អំពីការងារអត្រានុកូលដ្ឋាន ជាផែនទីបង្ហាញផ្លូវ ដើម្បីសម្រេចបានគោលដៅ Çមនុស្សម្នាក់មានអត្តសញ្ញាណតែមួយÈ គឺជាទិសដៅអាទិភាព ស្របតាមផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្ម ឆ្នាំ២០១៧-២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបានបញ្ជាក់ថា គោលដៅចម្បងៗ គឺរៀបចំក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត កសាងប្រព័ន្ធរួមអត្តសញ្ញាណកម្មប្រជាជន ដោយផ្តើមពីការចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណពលរដ្ឋ តាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ នៅថ្នាក់មូលដ្ឋាន និងកែសម្រួលរបៀបរបបការងារ និងដាក់ឱ្យដំណើរការប្រព័ន្ធអេឡិចត្រូនិក សម្រាប់ផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធិភាព។ ចំពោះចក្ខុវិស័យលើការងារអត្តសញ្ញាណកម្ម សម្រាប់១០ឆ្នាំ ក្នុងដំណាក់កាលទី១ និង១០ឆ្នាំបន្ទាប់ ក្នុងដំណាក់កាលទី២ មិនមានអ្វីខុសគ្នាច្រើននោះទេ មានន័យថាទិសដៅគឺនៅតែដដែល ប៉ុន្តែត្រូវធ្វើទំនើបកម្ម របៀបចុះបញ្ជីអត្តសញ្ញាណកម្មបុគ្គល និងរបៀបផ្តល់សេវា ជូនដល់ប្រជាពលរដ្ឋ បានកំណត់ជាចក្ខុវិស័យ លើការងារអត្តសញ្ញាណកម្មមាន៣ធំៗគឺ៖
ទី១៖ បុគ្គលគ្រប់រូបត្រូវបានកំណត់អត្តសញ្ញាណ
ទី២៖ បុគ្គលម្នាក់ៗមានអត្តសញ្ញាណតែមួយ
ទី៣៖ ផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ក្នុងន័យនេះ លោកសូមផ្តល់អនុសាសន៍មួយចំនួន ដល់រដ្ឋបាល ស្រុក ក្រុង ឃុំ សង្កាត់ ត្រូវជំរុញផ្សព្វផ្សាយព័ត៌មាន ជូនដល់ប្រជាពលរដ្ឋ ដែលមានទារកទើបនឹងកើត ឬពលរដ្ឋពុំទាន់មានសំបុត្រកំណើត ឱ្យទៅស្នើសុំចុះបញ្ជីឱ្យបានគ្រប់ៗគ្នា នៅតាមលំនៅឋានអចិន្ត្រៃយ៍របស់ខ្លួន ទាំងសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬនៅយន្តការច្រកចេញចូលតែមួយ។ ជាមួយគ្នានោះត្រូវខិតខំតាមដាន និងជម្រុញការផ្តល់ឯកសារ ស្ថិតិប្រជាពលរដ្ឋ ឱ្យបានគ្រប់គ្រាន់តាមតម្រូវការជាក់ស្តែង ចៀសវាងខ្វះឯកសារ ដែលនាំឱ្យយឺតយ៉ាវក្នុងការផ្តល់សេវា។ ចំពោះជនបរទេសត្រូវចុះបញ្ជីស្ថិតិឱ្យបានត្រឹមត្រូវ ស្របតាមបែបបទនីតិវិធីដែលច្បាប់បានកំណត់ ត្រូវចៀសវាងការសរសេរបញ្ជាក់ថា ជាជនជាតិខ្មែរ ឬសញ្ជាតិខ្មែរ ដែលពុំមានព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរ។ ត្រូវបន្តជម្រុញប្រជាពលរដ្ឋ ដែលទើបគ្រប់អាយុ១៥ឆ្នាំ ត្រូវស្នើសុំចុះបញ្ជីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយយោងតាមស្មារតី នៃច្បាប់ថ្មី ឱ្យមានប្រសិទ្ធភាព និងដំណើរការរលូន និងប្រកបដោយជឿជាក់ជាទីបំផុត៕