(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកស្រី ខៀវ ស៊ីណា ព្រមទាំងមន្ត្រីបុគ្គលិក ធនាគារជាតិនៃកម្ពុជា បានដង្ហែកឋិនទាន ចូលវត្តចំនួន២ នៅក្នុងខេត្តកំពង់ធំ រួមមានវត្តសង់ឃ្លាំង និងវត្តធម្មនាថ និងប្រគេនបច្ច័យ ដើម្បីកែលម្អសមិទ្ធផលក្នុងវត្ត ដូចជាការកសាងកុដិ សាលាធម្មសភា ក្លោងទ្វារនិងរបងវត្ត ដើម្បីឲ្យសក្តិសម ជាទីកន្លែងគោរពបូជា របស់ប្រជាពុទ្ធបរិស័ទខ្មែរគ្រប់ៗរូប ។
នៅក្នុងពិធីបុណ្យកឋិនទាននេះដែរ លោក ជា ចាន់តូ បានចូលរួមចាប់កុសល ជាមួយប្រជាពុទ្ធបរិស័ទ ដល់វត្តចំនួន៥ទៀត ក្នុងស្រុកសន្ទុក រួមមាន វត្តចុងដា វត្តចំបក់ វត្តវាំងខាងត្បូង វត្តទួលវិហារ និងវត្តសន្ទុកក្រៅ។
លោក ជា ចាន់តូ បានលើកឡើងថា ការចូលរួមចាប់មគ្គផល ប្រកបដោយកំលាំងសទ្ធាជ្រះថ្លា របស់ពុទ្ធបរិស័ទ ក្នុងអង្គកឋិនទាននេះ បានបង្ហាញឲ្យឃើញពី ការយកចិត្តទុកដាក់ និងលើកតំកើងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ របស់ពុទ្ធបរិស័ទចំណុះជើងវត្ត ក៏ដូចជាពុទ្ធបរិស័ទ មកពីទីជិតឆ្ងាយឲ្យថ្កុំថ្កើង រុងរឿងតរៀងទៅ។
ជាមួយនេះដែរ លោកក៏បានក្រើនរំលឹក ដល់អាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវលើកកំពស់ការពង្រឹង សន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ តាមវត្តអារាមនានា ក្នុងមូលដ្ឋានដែលខ្លួន ទទួលខុសត្រូវ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ពុទ្ធបរិស័ទ ធ្វើបុណ្យធ្វើទាន។
សូមបញ្ជាក់ជូនថា ពិធីបុណ្យកឋិនទាន តាមពុទ្ធឱវានោះ គឺចាប់ផ្ដើមពីថ្ងៃ១រោជ ខែអស្សុច ដល់ថ្ងៃ១៥កើត ខែកត្តិក ដែលមានរយៈពេល ២៩ថ្ងៃហើយបុណ្យនេះ ត្រូវបានពុទ្ធបរិស័ទខ្មែរ តែងប្រារព្វធ្វើឡើងជាងរៀងរាល់ឆ្នាំ ដើម្បីបំពេញតម្រូវការ ជាក់ស្ដែងរបស់ព្រះសង្ឃ ដែលគង់ ចាំព្រះវស្សាអស់កាលត្រីមាស តាមវត្តនីមួយៗ និងដើម្បីកសាងសមិទ្ធផលនានា បន្ថែមទៀតសម្រាប់លើកកម្ពស់ វិស័យព្រះពុទ្ធសាសនា ឲ្យបានកាន់តែថ្កុំថ្កើនថែមទៀត៕