(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ លោក ឡាវ វ៉ាន់ ប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនចំនួន ៧៨រូប ដែលបានដាក់ពាក្យស្នើសុំអាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី (អ.ម.ត) ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦ (លើកទី២)។
ក្នុងឱកាសនៃជំនួបនេះ លោក ឡាវ វ៉ាន់ បាននាំយកប្រសាសន៍សាកសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងជាប្រធានកិត្តិយសសមាគម អ.ម.ត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត ដល់គណៈកម្មការចំពោះកិច្ច វាយតម្លៃ និងជ្រើសរើសនិស្សិត និងបេក្ខជន។
លោក ឡាវ វ៉ាន់ បានគូបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត បានអនុញ្ញាតឱ្យគណៈកម្មការចំពោះកិច្ចជ្រើសរើស និងវាយតម្លៃ នៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត រៀបចំដំណើរការជ្រើសរើសនិស្សិតទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ជាលើកទី២ ចំនួន ៧៨កន្លែង។
ទន្ទឹមនឹងនេះ ក្រុមការងារនៃគណៈកម្មការចំពោះកិច្ច វាយតម្លៃ និងជ្រើសរើសនិស្សិត និងក្រុមការងារជាអតីតនិស្សិតអាហារូបករណ៍ អ.ម.ត ដែលបានបញ្ចប់ការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងកម្មវិធីអាហារូបករណ៍នីមួយៗ ដើម្បីឱ្យបេក្ខជនយល់កាន់តែច្បាស់ ព្រមទាំងចែករំលែកពីបទពិសោធសិក្សា និងការរស់នៅក្នុងប្រទេសចិន ផងដែរ៕