(ភ្នំពេញ)៖ ពលករខ្មែរ៤នាក់ ដែលត្រូវបានក្រុមចោរសមុទ្រសូម៉ាលី ចាប់បង្ខាំងទុកអស់រយៈពេលជិត៥ឆ្នាំនោះ បានត្រឡប់មកដល់កម្ពុជា នៅយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់ពី លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស។
ជនរងគ្រោះទាំង៤នាក់នោះ រួមមាន៖ ទី១.ឈ្មោះ ញ៉ែម សុខសាន្ត រស់នៅភូមិដក់ពង ឃុំឃុនរ៉ង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ទី២.ឈ្មោះ ឯម ភូម៉ានី រស់នៅភូមិត្រពាំងបី ឃុំផ្សារឆ្នាំង ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ទី៣.ឈ្មោះ ឃន វណ្ណធី រស់នៅភូមិសំរោង ឃុំបែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងទី៤ឈ្មោះ គីម គឹមហេង រស់នៅភូមិកញ្ជ្រាជ ឃុំកញ្ជ្រាជ ស្រុក ឆ្លូង ខេត្តក្រចេះ។
លោក ជុំ សុន្ទរី បានអះអាងថា ក្រោយពេលត្រឡប់មកដល់ប្រទេសកម្ពុជា ពលករខ្មែរទាំង៤នាក់នោះ កំពុងស្ថិតនៅក្រោមការយកចិត្តទុកដាក់ពីអង្គការ IOM និង ក្រសួងមហាផ្ទៃ ដើម្បីសាកសួរព័ត៌មានមួយចំនួន ជុំវិញការចាប់ខ្លួនរបស់ពួកគេនៅសូម៉ាលី។
Fresh News មិនអាចទំនាក់ទំនងក្រសួងមហាផ្ទៃ និង អង្គការ IOM បាននៅឡើយទេ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ។
សូមបញ្ជាក់ថា ពលករដែលជាអ្នកនេសាទកម្ពុជាបួននាក់ខាងលើនេះ ត្រូវបានចាប់ជាចំណាប់ខ្មាំងដោយចោរសមុទ្រសូម៉ាលី កាលពីបួនឆ្នាំកន្លះមុន។ ពួកគេត្រូវបានដោះលែងកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ ហើយបញ្ជូនទៅកាន់ព្រលានយន្តហោះប្រទេសហ្វីលីពីន មុននឹងបញ្ជូនមកដល់ប្រទេសកម្ពុជា៕