(ភ្នំពេញ)៖ បេក្ខជនកម្ពុជាចំនួន២រូប ដែលបានទទួលមេដាយមាស និងមេដាយសំរិទ្ធលើមុខជំនាញ INDUSTRAL AUTOMATION ក្នុងកម្មវិធីប្រកួតប្រជែងជំនាញអាស៊ានលើកទី១១ ក្នុងប្រទេសម៉ាឡេស៊ី បានទទួលរង្វាន់ និងប័ណ្ណសរសើរពីលោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ។

លោក ឡៅ ហ៊ីម អគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានឲ្យដឹងថា កម្មវិធីប្រកួទប្រជែងអាស៊ានលើកទី១១ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១៩ ដល់២៧ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ ក្នុងនៅប្រទេសម៉ាឡេស៊ី ដោយមានប្រទេសជាសមាជិកអាស៊ាន ចូលរួមចំនួន៩ប្រទេស ក្នុងនោះមានបេក្ខជន ២៤៤រូប លើវិញ្ញាសា២៤មុខជំនាញ។

លោកថា «ក្នុងចំណោមមុខជំនាញទំាងអស់ កម្ពុជាបានចូលរួមចំនួន ៨មុខជំនាញ មានបេក្ខជនចំនួន ១៣រូប ក្នុងនោះមាន ជំនាញផ្សាដែក២នាក់, ជំនាញរៀបឥដ្ឋ ២រូប, ជំនាញតបណ្តាញអគ្គិសនី ២រូប, ជំនាញ IT (Software)១រូប, ជំនាញវេបសាយ និងឌីសាញ ១រូប, ជំនាញ INDUSTRAL AUTOMATION ២រូប, ជំនាញវេសាកម្ម ២រូប និងជំនាញម្ហូបអាហារ ២រូប»

លោកបន្តថា លទ្ធផលនៃការប្រកួតប្រជែងលើក១១ បេក្ខជនកម្ពុជាទទួលបានមេដាយ រួមមាន៖ ទី១.ជំនាញ INDUSTRAL AUTOMATION បេក្ខជន ធី សុភា ទទួលមេដាយមាស និងបក្ខជន យូរ វង្សសុជាតិ ទទួលបានមេដាយសំរិទ្ធ, ទី២.ជំនាញតបណ្តាញ អគ្គិសនី បេក្ខជន ប៉ូវ មិនគង់ ទទួលបានវិញ្ញាបនបត្រល្អប្រសើរ, ទី៣.ជំនាញវេសាកម្ម បេក្ខជន ស៊ុន ជន និងបេក្ខជនឈ្មោះ  វីរៈ រិទ្ធី ទទួលបានវិញ្ញាបនប័ត្រល្អប្រសើរ ដែលអ្នកទាំង២ គឺមកពីក្រសួងទេសចរណ៍។ លទ្ធផលនៃការប្រឡងប្រកួតប្រជែងជំនាញ អាស៊ានលើកទី១១ នៅម៉ាឡេស៊ីនោះ កម្ពុជាឈរលំដាប់លេខ៧ ក្នុងចំណោមមុខជំនាញ ៩ប្រភេទ។

ជាមួយគ្នានេះ លោក ពេជ សោភ័ន បានកោតសរសើរដល់បេក្ខជន ដែលទទួលបានពាន់រង្វាន់មេដាយមាស មេដាយសំរិទ្ធនិងបេក្ខជន ផ្សេងទៀត ដែលបានលើកតម្កើនមុខមាត់ប្រទេសជាតិ ឲ្យមានភាពល្បីល្បាញលើឆាកអាស៊ាន។

លោកថា «ការទទួលមេដាយមាស និងសំរិទ្ធរបស់បេក្ខជនកម្ពុជា ក្នុងការប្រកួតប្រជែងជំនាញអាស៊ានលើកទី១១នេះខ្ញុំពិតជា អរគុណណាស់ ចំពោះក្មួយៗ និងលោកគ្រូ អ្នកគ្រូដែលខិតខំបណ្តុះបណ្តាល។ នេះជាលើកទី១ហើយ ដែលកម្ពុជាទទួលបាន មេដាយមាស និងសំរិទ្ធពីអាស៊ាន»

មិនត្រឹមតែប៉ុណ្ណោះ លោក ពេជ សោភ័ន ក៏បានជំរុញដល់សិស្ស និស្សិតទំាងអស់ ត្រូវខិតខំសិក្សាតាមជំនាញរបស់ខ្លួនដើម្បីងាយស្រួល ក្នុងការស្វែងរកការងារធ្វើ៕