(ភ្នំពេញ)៖ របាយការណ៍របស់មន្ទីរពេទ្យកុមារជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៤ ខែតុលានេះ បានបញ្ជាក់ថា រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ មានអ្នកជំងឺជាង៧ពាន់នាក់ បានចូល និងចេញពិនិត្យ ព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារជាតិ។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងរយៈពេល៧ថ្ងៃនេះ មានអ្នកជំងឺមកទទួលសេវាពិនិត្យព្យាបាល ផ្នែកពិគ្រោះជំងឺក្រៅមានចំនួន ២,៨៦៧នាក់, អ្នកជំងឺអនុញ្ញាតិឲ្យចូលសម្រាក់ព្យាបាល ៣៧៨នាក់ ក្នុងនោះមានជំងឺទារកតូចៗគ្រប់ប្រភេទ៧១នាក់, អ្នកជំងឺក្រីក្រត្រូវបានអនុញ្ញាតិ សម្រាកព្យាបាលដោយមិនបង់ប្រាក់២៤ភាគរយ, ចំនួនវះកាត់សរុប៣៩នាក់, ការព្យាបាលដោយចលនា៤៨១នាក់, កុមារបានទទួលថ្នាំបង្ការ៧៣៦នាក់, កុមារព្យាបាលធ្មេញ អញ្ចាញធ្មេញ និងក្រអូមមាត់៨នាក់, កុមារមានផ្ទុកមេរោគអេដស៍ ត្រូវបានទទួលថ្នាំពន្យារ ៥៣នាក់, ជំងឺរបេងកំពុងទទួល ការព្យាបាល៧នាក់, កុមារមានផ្ទុកមេរោគអេដស៍ មកពិគ្រោះជំងឺឱកាសនិយម២៣៧នាក់, ថតឆ្លុះវិភាគដោយកាំរស្មីអិច ១៤៨នាក់, ពិនិត្យវិភាគដោយអេកូ ១០៧នាក់, ចំនួនតេស្ដបានវិភាគ នៅមន្ទីរពិសោធន៍ មាន២,៣៩៤០០នាក់។
មន្ទីរពេទ្យកុមារជាតិ បានឲ្យដឹងផងដែរថា ការផ្ដល់អាហារ តាមបែបវេជ្ជសាស្ដ្រដោយ គិតតាមប្រភេទជំងឺ និងតាមក្រុមអាយុកុមារមួយថ្ងៃ ចំនួន៣ពេល ដោយមិនគិតប្រាក់ ដល់កុមារដែល សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ជាងនេះទៅទៀត មន្ទីរពេទ្យកុមារជាតិ មានទទួលវះកាត់ កុមារឆែបមាត់ ជើងខ្វេ ពីកំណើតដោយពុំមានបង់ប្រាក់។
ជាមួយគ្នានោះដែរ មន្ទីរពេទ្យកុមារ បញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ មន្ទីរពេទ្យកុមារជាតិ បានសហការជាមួយ អង្គការស៊ីប៉ា ក្នុងគោលបំណងលើកកម្ពស់ «ការអានរបស់កុមារ» លើកកម្ពស់ការថែទាំសុខភាពកុមារ ផ្ដល់ឱកាសដល់កុមារដែលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យឲ្យអានសៀវភៅ ហើយក្នុងនោះ ក៏មានវត្តមាន កញ្ញា សុគន្ធ នីសា ដែលជាទូតសុឆន្ទៈប្រចាំអង្គការស៊ីប៉ា ចូលរួមផងដែរ៕