(ភ្នំពេញ)៖ កំណាត់ផ្លូវក្រវ៉ាត់ក្រុងមួយខ្សែ ដែលស្ថិតក្នុងភូមិសាស្រ្ត ស្រុកអង្គស្នួល ខេត្តកណ្តាល ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ មានប្រវែងជាង១២គីឡូម៉ែត្រ ដែលរងនូវការខូចខាតធ្ងន់ធ្ងរ ត្រូវបានបើកការដ្ឋានស្ថាបនាជាថ្មីម្តងទៀត នៅព្រឹកថ្ងៃទី៣១ ខែតុលាឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល។
លោក ប៉ា សុជាតិវង្ស បានថ្លែងថា បន្ទាប់ពីទទួលបាននូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន កាលពី២សប្តាហ៍មុន ក្នុងឱកាសដែលសម្តេចអញ្ជើញចុះពិនិត្យសាលាបឋមសិក្សា និងអនុវិទ្យាល័យចំណេះដឹងទូទៅ សម្តេចមហាសង្ឃរាជ ប៊ូគ្រី និងវត្តព្រះឥន្ទសាមគ្គីធម៌ ក្នុងស្រុកអង្គស្នួល កាលពីថ្ងៃទី១៥ ខែតុលា អាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខេត្តកណ្តាល បានអនុវត្តតាម និងឯកភាពគ្នាចាប់ផ្តើមបើកការដ្ឋានស្ថាបនាផ្លូវនេះជាប្រភេទបេតុងកម្រាស់២សង់ទីម៉ែត្រប្រវែង១២,៦២០គីឡូម៉ែត្រ ទទឹង៧ម៉ែត្រ ក្នុងរង្វង់ទឹកប្រាក់ប្រមាណ៥លានដុល្លារ។
លោកបានបន្តថា ផ្លូវ១ខ្សែនេះដែលមានឈ្មោះថា ផ្លូវប្រទះឡាង ឬផ្លូវខ្សែក្រវ៉ាត់ ក្រុងទី៤ គឺជាផ្លូវមួយដែលមានសារសំខាន់ក្នុងការរំដោះចរាចរតភ្ជាប់ ពីផ្លូវជាតិលេខ៤ត្រង់ ចំណុចផ្សារបែកចាន ទៅផ្លូវជាតិលេខ៣ ត្រង់ចំណុចវត្តស្លែង។ ផ្លូវនេះបានរងនូវការខូចខាតស្ទើរទាំងស្រុង ដោយកត្តាជាច្រើន ក្នុងនោះក៏មានកត្តារថយន្តធន់ធ្ងន់ដឹកជញ្ជូនឆ្លងកាត់ផងដែរ។ តាមការគ្រោងទុកនៅពេលខាងមុខ កំណាត់ផ្លូវមួយនេះមានទទឹងរហូតទៅដល់១២ម៉ែត្រ ឯណោះ ប៉ុន្តែដោយសារថវិកានៅមានកម្រិត គឺអាជ្ញាធរសម្រេចស្ថាបនាទទឹង៧ម៉ែត្រជាមុនសិន។
តាមការសិក្សារបស់អ្នកជំនាញ កំណាត់ផ្លូវនេះមិនមែនត្រឹមតែបំរើផលប្រយោជន៍ ដល់ប្រជាពលរដ្ឋទូទៅដែលឆ្លងកាត់ភូមិសាស្រ្តតំបន់នេះទេ គឺអាចកាត់បន្ថយការកកស្ទះ ចរាចរលើកំណាត់ផ្លូវជាតិលេខ៤ផងដែរ ជាពិសេសត្រង់ចំណុចប្រសព្វរវង្វង់មូលចោមចៅ ដែលជាចំណុចតភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅផ្លូវជាតិលេខ៣ និងពីផ្លូវជាតិលេខ៣មកផ្លូវជាតិលេខ៤វិញ។ អភិបាលរាជធានីភ្នំពេញ បានបញ្ជាកថា «យើងបានចាក់ផ្លូវនៅទីក្រុងភ្នំពេញ បើគិតរយៈពេល ៣ឆ្នាំ ពោលគឺប្រមាណ១០០០ថ្ងៃ កន្លងមកនេះ យើងធ្វើផ្លូវបេតុងបាន ៣៤០គីឡូម៉ែត្រ អត់ទាន់មានផ្លូវបេតុងណាវិលត្រឡប់ទៅជួសជុលដដែលៗ ដូចពាក្យនិយាយថា ស្រុកយើងធ្វើផ្លូវជាប់រហូត (ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ) នោះទេ ដល់ពេលវេលា យើងត្រូវធ្វើកិច្ចការផ្លូវថ្នល់តាមស្តង់ដារ តាមលក្ខណៈបច្ចេកទេសហើយ។ ដូច្នេះទាំងមន្រ្តីក្រោមឱវាទ និងអ្នកទទួលម៉ៅការសាងសង់ ត្រូវពង្រឹងគុណភាពឡើងវិញ»។
លោកកសង្ឃឹមថា កំណាត់ផ្លូវនេះ នឹងស្ថាបនារួចរាល់មុនពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិចូលមកដល់ ព្រោះដោយសារដំណើរការដ្ឋាន ២ចាប់ផ្តើមព្រមគ្នាក្នុងពេល តែមួយ គឺពីចំណុចផ្សារបែកចាន និងការដ្ឋានមួយទៀតចាប់ផ្តើមពីចំណុចវត្តស្លែងឆ្ពោះមក ប្រសព្វគ្នាតែម្តង។ គួរបញ្ជាក់ផងដែរ ដោយការឯកភាពស្រុះស្រួលគ្នារវាងអភិបាល ខេត្តកណ្តាល និងអភិបាលរាជធានីភ្នំពេញ គឺថវិកាចំណាយនិងគម្រោងស្ថាបនាទាំងស្រុងប្រគល់ ជូនអាជ្ញាធររាជធានីភ្នំពេញ ប៉ុន្តែការដោះស្រាយបញ្ហានៅចំណុចផ្សារបែកចាន ដែលមានសន្និដ្ឋានជារៀងករដបនោះ អាជ្ញាធរទាំង២នឹងរួមគ្នាដោះស្រាយ៕