(រតនគិរី)៖ ក្រៅពីបង្គោលព្រំដែនជាមរតកប្រវត្តិសាស្ត្រ អគារប៉ុស្តិ៍នគរបាលការពារព្រំដែនលេខ៤០៧ (កន្ទុយនាគ) ចំណុះឲ្យវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ២០៣ សាងសង់រួចរាល់១០០% តែមិនទាន់ដាក់ សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅឡើយទេ។ នេះជាបញ្ជាក់ឲ្យដឹងពីលោកឧត្តមសេនីយ៍ត្រី ចៅ នាង ស្នងការរង និងជាអ្នកនាំពាក្យស្នងការនគរបាលខេត្តរតនគិរី ប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥។

លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បានប្រាប់ឲ្យដឹងថា ទោះបីការសាងសង់អគារខាងលើជួបប្រទះការលំបាកៗខ្លាំងក្នុងការផ្គត់ផ្គង់គ្រឿងសំណង់ និងសម្ភារផ្សេងៗដែលត្រូវដឹកទៅការដ្ឋាន ត្រូវឆ្លងកាត់អូរ, ព្រៃព្រឹក្សា, ជ្រលងភ្នំ ឡើងចុះក្នុងចំងាយផ្លូវជាច្រើនរយគីឡូម៉ែត្រក៏ដោយ ប៉ុន្តែឆន្ទៈការងារពុះពារគ្រប់ឧបសគ្គ ដែលថ្នាក់លើប្រគល់ជូនទើបទទួលលទ្ធផលល្អបែបនេះ។

ចំណែកឯលោក មាស វណ្ណា មេជាងខាងលើប្រាប់ឲ្យដឹងថា គាត់ប្រើប្រាស់កម្លាំងពលកម្មប្រមាណ១៥នាក់ ហើយកន្លែងសាងសង់អគារនេះជួបការលំបាកខ្លាំងគឺរដូវវស្សាមានភ្លៀងធ្លាក់ខ្លាំង, ខែប្រាំងខ្វះទឹក, ខ្វះភ្លើង គួបផ្សំនឹងសម្ភារៈសំណង់ផ្គត់ផ្គង់មានការយឺតយ៉ាវដោយសារស្ថានភាពផ្លូវទៅទីនោះ ពិបាកក្នុងការដឹកជញ្ជូនសម្ភារផ្សេងៗទៅ។

មេជាងរូបនេះ បញ្ជាក់ឲ្យដឹងទៀតថា កូនជាងគាត់ទាំងអស់បានលះបង់ចំណាយពេលវេលាប្រមាណ ៦ខែ នៅតំបន់នោះ (កន្ទុយនាគ) ចោលផ្ទះសំបែង, ប្រពន្ធកូន និងក្រុមគ្រួសារសាច់ញាតិ៕