(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រីខ្មែរ នរោត្តម មុនិនាថ សីហនុ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ បានយាងថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ចំខួប ៩៤ព្រះវស្សា ថ្ងៃដែលទ្រង់ប្រសូត្រ។
ព្រះរាជពិធីត្រូវបានធ្វើឡើង នៅក្នុងបរិវេណព្រះឧបោសថរតនារាមព្រះកែវមរកត ព្រះបរមរាជវាំងចតុមុខមង្គល។ ក្នុងព្រះរាជពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផងដែរ។
សូមរំលឹកថា ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេច នរោត្តម សីហនុ បានប្រសូត្រនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២។ ព្រះអង្គបានសោយទិវង្គត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នាប្រទេសចិន ក្នុងជន្មាយុ ៩០ព្រះវស្សា៕