(ភ្នំពេញ)៖ ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ និងសៀមរាប អស់ក្តីបារម្ភពីការខ្វះខាត ឬគ្មានបង្គន់អនាម័យ និងបញ្ហាទឹកស្អាតប្រើប្រាស់ទៀតហើយ ព្រោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានដាក់ដំណើរការសាកល្បង ប្រាក់កម្ចីសម្រាប់សាងសង់បង្គន់ថ្មី តបណ្តាញទឹកស្អាត ឬទិញឧបករណ៍ផលិតទឹកស្អាត នៅខែតុលា ឆ្នាំ២០១៦ នេះបើយោតាមសេចក្តីប្រកាសព័ត៌មានរបស់ អេ អឹម ខេ។
ទឹកស្អាត និងអនាម័យ នៅតែជាបញ្ហាប្រឈម របស់ប្រជាជនកម្ពុជា ជាពិសេសអ្នករស់នៅតំបន់ជនបទ។ បើយោងតាមរបាយការណ៍រួមគ្នា របស់អង្គការសុខភាពពិភពលោក (WHO) និងអង្គការយ៉ូនីសេហ្វ (UNICEF) ចេញផ្សាយនៅខែ មិថុនា ឆ្នាំ ២០១៥ បានឲ្យដឹងថា ១២% នៃប្រជាជនកម្ពុជាបាន និងកំពុងប្រើប្រាស់ប្រភពទឹកមិនមានសុវត្ថិភាព ហើយ ៤៧% ពុំមានបង្គន់អនាម័យប្រើប្រាស់ត្រឹមត្រូវទេ។ ជាលទ្ធផលធ្វើឲ្យពួកគាត់ មានបញ្ហាប្រឈមខ្ពស់ទាក់ទង ទៅនឹងសុវត្ថិភាពចំណីអាហារ និងបញ្ហាសុខភាពផ្សេងៗទៀត។ ដូចនេះ ពួកគាត់មានការចំណាយច្រើន ទៅលើថ្លៃសេវាព្យាបាលជំងឺផ្សេងៗ ដែលតែងតែកើតមានឡើង។ ទាំងអស់នេះហើយដែលអាចធ្វើឲ្យពួកគាត់មិនអាចរួចផុតពីភាពក្រីក្រ។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ដោយមានទស្សនវិស័យ និងបេសកកម្ម ជួយដល់ប្រជាពលរដ្ឋក្រីក្រភាគច្រើន ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើង នូវជីវភាពរស់នៅរបស់ពួកគេ តាមរយៈការផ្តល់សេវាមីក្រូហិរញ្ញវត្ថុសមស្រប និងឋិតថេរ។ អេ អឹម ខេ តែងតែបង្កើតផលិតផល និងសេវាហិរញ្ញវត្ថុថ្មីៗ ដើម្បីបំពេញតម្រូវការ និងជាប្រយោជន៍ដល់អតិថិជនរបស់យើង ជាពិសេសអតិថិជនដែលរស់នៅតំបន់ ជនបទដាច់ស្រយាល។
ជាក់ស្តែង អេ អឹម ខេ បង្កើតផលិតផលសម្រាប់ទឹកស្អាត និងអនាម័យនេះឡើង ក្នុងគោលបំណងដើម្បីផ្តល់ឱកាស ដល់ប្រជាជនក្រីក្រមានលទ្ធភាព ក្នុងការសាងសង់បង្គន់ថ្មី និងតបណ្តាញទឹកស្អាត ឬទិញឧបករណ៍ផលិតទឹកស្អាតគ្រប់ៗគ្នា។ ជាលទ្ធផលសុខមាលភាពរបស់ពួកគាត់ ត្រូវបានលើកកម្ពស់ធ្វើឲ្យប្រសើរឡើង ដែលជាកត្តាជួយជំរុញជីវភាព ពួកគាត់មានការរីកចម្រើន។
លោក សួន ពិសី នាយកប្រតិបត្តិឥណទាន នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានលើកឡើងថា «ដោយមើលឃើញពីតម្រូវការ ជាពិសេសកង្វះខាតបង្គន់អនាម័យ និងការប្រើប្រាស់ទឹកស្អាតរបស់ប្រជាជនភាគច្រើននៅតំបន់ជនបទ អេ អឹម ខេ បានបង្កើតផលិតផលនេះឡើង ក្នុងគោលបំណងលើកកម្ពស់សុខមាលភាព ប្រជាជនក្រីក្រទូទាំងប្រទេស តាមរយៈការប្រើប្រាស់ទឹកស្អាត និងអនាម័យ ដើម្បីជួយកាត់បន្ថយភាពក្រីក្រ នៅក្នុងប្រទេសកម្ពុជា»។
លោក សួន ពិសី បានបញ្ជាក់បន្ថែមដូចនេះថា «នៅពេលដែលពួកគាត់ មានបង្គន់អនាម័យ និងទឹកស្អាតប្រើប្រាស់ គាត់នឹងជៀសផុតនូវជំងឺផ្សេងៗ។ ដូចនេះពួកគាត់មានឱកាស ឬពេលវេលាក្នុងការប្រកបរបររកស៊ីច្រើនជាងមុន ជាពិសេសពួកគាត់ចំណេញថវិកាពីការចំណាយលើថ្លៃសេវាព្យាបាលជំងឺផ្សេងៗទៀងផង»។
គួរំលឹកផងដែរថា អេ អឹម ខេ បានចាប់ដៃគូជាមួយអង្គការ វ៉ធើដតអក់ (Water.Org) ដែលជាអង្គការអន្តរជាតិ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដើម្បីជំនួយផ្នែកបច្ចេកទេស និងការគាំទ្រផ្សេងៗ ក្នុងការបង្កើតផលិតផលថ្មីនេះឡើង ដើម្បីផ្តល់ឱកាសឲ្យប្រជាជនកម្ពុជា មានបង្គន់អនាម័យ និងទឹកស្អាតប្រើប្រាស់គ្រប់ៗគ្នានៅថ្ងៃអនាគត។
បើយោងតាម លោកនាយកប្រតិបត្តិឥណទាន បានឲ្យដឹងថា កម្ចីសម្រាប់ទឹកស្អាត និងអនាម័យនេះ អតិថិជនអាចខ្ចីជាប្រាក់រៀល ដុល្លារ និងបាត ដែលមានទំហំកម្ចីរហូតដល់ ២២លានរៀន ឬ ៥.៥០០ដុល្លារ ឬ ២២ ម៉ឺនបាត។ អតិថិជនអាចធ្វើការខ្ចី និងបង់សងទៅតាមតម្រូវការ គ្រប់ពេលវេលា និងទីកន្លែង ដូចជា៖ តាមផ្ទះអតិថិជន នៅក្នុងភូមិ នៅតាមការិយាល័យ អេ អឹម ខេ ទូទាំងប្រទេស៕