(ភ្នំពេញ)៖ លោកយាយ ម៉ៅ ហួង ព្រមទាំងកូនចៅ បាននាំយកថវិកាចំនួន១០លានរៀលប្រគល់ជូនដល់មន្ទីពេទ្យគន្ធបុប្ផា នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ ដើម្បីចូលរួមចំណែកលើការព្យាបាលជម្ងឺកុមារកម្ពុជា ដែលមួយថ្ងៃៗមានកុមាររាប់រយនាក់ ទៅទទួលស្វែងរក ការពិនិត្យ និងព្យាបាលពីមន្ទីរពេទ្យទេវតាមួយនេះ ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។
ក្នុងឱកាសនោះលោក Dr-DENISLAURENT អនុប្រធានមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា តំណាងលោក Dr-Beat-Richner បានជួបនិង សំណេះសំណាលព្រមទាំងថតរូបជុំគ្នាផងដែរ។ មន្រ្តីនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផាមានចំនួន៥ទីតាំង ក្នុងនោះ៤កន្លែង នៅរាជធានីភ្នំពេញ និងមួយទីតាំងទៀត នៅខេត្តសៀមរាប។ ក្នុងមួយថ្ងៃៗមន្ទីរពេទ្យគន្ធបុប្ផា ទទួលការព្យាបាលកុមារ កម្ពុជាចាប់ពី១៦០០ទៅ២០០០នាក់ ដោយមិនគិតកំរៃសេវានោះទេ។
លោកយាយម៉ៅ ហួង និងកូនចៅ បាននិយាយថា ដោយមើលឃើញពីតម្រូវការចាំបាច់ និងជួយដល់កុមារកម្ពុជា ដែលជួបបញ្ហា លំបាកជារាងរាល់ថ្ងៃនេះ ទើបក្រុមគ្រួសាររបស់លោកយាយ ផ្តល់ជូននូវថវិកាមួយផ្នែកដល់មន្ទីពេទ្យគន្ធបុប្ផា ហើយថវិកាមួយចំនួននេះ វាមិនច្រើនក៏ពិតមែន តែវាអាចសំរួលបានមួយផ្នែកដែរ៕