(ភ្នំពេញ)៖ សម្ដេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះបរមនាម និងព្រះនាម សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា គណៈសង្ឃនាយក សម្តេចព្រះសង្ឃ ព្រះមន្ត្រីសង្ឃ ព្រះថេរានុត្ថេរគ្រប់អង្គ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីរន្ធត់យ៉ាងក្រៃលែង និងសោកស្ដាយជាពន់ពេក ដោយទទួលបានដំណឹងអំពីសោកនាដកម្មនៃគ្រោះធម្មជាតិ រញ្ជួយដីដ៏ធ្ងន់ធ្ងរ ដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ា បានបំផ្លាញលំនៅដ្ឋានប្រជាពលរដ្ឋ និងបង្កការខូចខាត ទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ និងបានឆក់យកជីវិតមនុស្សជាច្រើន រួមទាំងព្រះសង្ឃជាច្រើនអង្គ ដែលជាបុញ្ញក្ខេត្ត និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់របស់ប្រជាពុទ្ធបរិស័ទទូទៅ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ព្រមទាំងបង្ខំឱ្យមានការជម្លៀសប្រជាពលរដ្ឋជាបន្ទាន់ផងដែរ។
ក្នុងសារលិខិតប្រគេនគណៈសង្ឃព្រះពុទ្ធសាសនាមីយ៉ាន់ម៉ា, សម្ដេចព្រះមហាសុមេធាធិបតី អំ លីមហេង តាងនាមគណៈសង្ឃពុទ្ធសាសនាកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្ដាយជាពន់ពេកជាមួយ គណៈសង្ឃពុទ្ធសាសនាមីយ៉ាន់ម៉ា និងសូមជូនចំពោះ រដ្ឋាភិបាល ប្រជាជន និងជាពិសេសចំពោះព្រះសង្ឃនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ព្រមទាំងក្រុមគ្រួសារ នៃជនរងគ្រោះដែល បានបាត់បង់ជីវិត និងរងរបួសដោយគ្រោះធម្មជាតិដ៏កាចសាហាវនេះ។
ក្នុងសារលិខិតនោះ សម្ដេចព្រះមហាសុមេធាធិបតី អំ លីមហេង បានគូសរំលេចថា គណៈសង្ឃពុទ្ធសាសនាកម្ពុជា សូមសម្តែងនូវសមានចិត្តដ៏ក្រៀមក្រំជាមួយ រដ្ឋាភិបាល គណៈសង្ឃ ប្រជាជន និងក្រុមគ្រួសារដែលបានស្លាប់បាត់បង់ជីវិត និងសូមឧទ្ទិសមហាកុសលផលបុណ្យទាំងឡាយជូន ចំពោះដួងវិញ្ញាណក្ខន្ធសពសូមបានទៅចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងសូមជូនពរដល់ ជនរងគ្រោះទាំងអស់ឱ្យបានឆាប់ជាសះស្បើយ។
សម្តេច ក៏បានជូនពរឱ្យដំណើរការស្តារ និងកសាងប្រទេស មីយ៉ាន់ម៉ាបានទៅកាន់ប្រក្រតីភាពឡើងវិញឆាប់ៗ ពីគ្រោះមហន្តរាយធម្មជាតិនេះ៕