(ភ្នំពេញ)៖ ព្រះសង្ឃខ្មែរក្រោម៩អង្គគង់នៅតាមទីអារាមនានាក្នុងខេត្តព្រះត្រពាំង ខ្មែរកម្ពុជាក្រោម បាននិមន្តបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសពអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន និងចូលរួមរំលែកមរណទុក្ខជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា។
ប្រតិភូព្រះសង្ឃខ្មែរក្រោមនិមន្តដឹកនាំដោយព្រះតេជគុណ ថាច់ ញឹក ព្រះចៅអធិការវត្តស្វាយសៀមថ្មី បាននិមន្តដល់កម្ពុជា និងនិមន្តសូត្រមន្តបង្សុកូលនៅទីតម្កល់សពក្នុងសង្កាត់ បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នារសៀលថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០២៥នេះ។ ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក សាន សាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ផងដែរ។
បន្ទាប់ពីបានសូត្រមន្តបង្សុកូលរួចរាល់ទៅ, ព្រះតេជគុណ ថាច់ ញឹក និងព្រះសង្ឃនិមន្តមកពីខ្មែរក្រោម ក៏បាននិមន្តជួបសំណេះសំណាល និងរំលែកមរណទុក្ខជាមួយសម្តេចតេជោផងដែរ។ ប្រតិភូព្រះសង្ឃខ្មែរក្រោម បានសម្តែងនូវសមានទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយសម្តេចតេជោ និងក្រុមគ្រួសាររបស់អ្នកឧកញ៉ា ឧត្ដម មេត្រីវិសិដ្ឋ ហ៊ុន សាន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅប្រគេនប្រតិភូព្រះសង្ឃខ្មែរ ដែលបាននិមន្តយ៉ាងឆ្ងាយចូលរួមសូត្រមន្ត និងរំលែកមរណទុក្ខដោយផ្ទាល់ បង្ហាញឱ្យឃើញនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុត។
បន្ទាប់ពីសូត្រមន្ត និងរំលែកមរណទុក្ខរួចរាល់ហើយ ប្រតិភូព្រះសង្ឃខ្មែរក្រោម បាននិមន្តទៅកម្ពុជាក្រោមវិញនៅល្ងាចថ្ងៃដដែលនេះ។
ការនិមន្តចូលរួមសូត្រមន្តរបស់ព្រះសង្ឃក្រោមក្នុងពិធីរបស់ថ្នាក់ដឹកនាំជាតិកម្ពុជា គឺជារឿងមួយដ៏កម្រ និងមិនធ្លាប់មាននោះទេ។ ការណ៍នេះ ស្តែងឱ្យឃើញនូវទំនាក់ទំនងកាន់ជិតស្និទ្ធរវាងព្រះសង្ឃក្រោម និងថ្នាក់ដឹកនាំជាតិកម្ពុជា។ ភាពស្និទ្ធស្នាលទាំងនេះ កើតមានក្រោយសម្តេចតេជោ បានផ្តួចផ្តើមដង្ហែអង្គឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅកាន់ទឹកដីខ្មែរក្រោមកាលពីឆ្នាំ២០២៤កន្លងទៅនេះ៕