(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីគយនិងរដ្ឋាករមួយចំនួននៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នេះ បានចុះសួរសុខទុក្ខកងទ័ព នៅទីបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ២ ស្ថិតនៅក្នុងភូមិរហាល ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប និងកងទ័ពជួរមុខឈរជើងក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យចំនួន ៨អង្គភាព រួមមាន៖ (១)កងពលតូចថ្មើជើងលេខ៤១, (២)កងពលតូចថ្មើរជើងលេខ៤២, (៣)បញ្ជាការដ្ឋានកងកាំភ្លើងធំ, (៤)បញ្ជាការដ្ឋានកងរថក្រោះ,(៥)តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ, (៦)វរការពារព្រំដែន,(៧) វរសេនាតូចការពារព្រំដែន៤០២ និង (៨)ទិសជួរមុខយោធភូមិភាគទី៤ ប្រចាំទិសទី៣ សំរោង។
ក្នុងមតិស្វាគមន៍នៅទីបញ្ជាការកងពលធំអន្ដរាគមន៍លេខ២ លោកឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ បានថ្លែងអំពីការខិតខំប្រឹងប្រែងរបស់កងពលធំអន្ដរាគមន៍លេខ២ ក្នុងការចូលរួមកសាងនិងពង្រឹងប្រៀបខ្លាំងលើវិស័យការពារជាតិ ជាពិសេសការលះបង់ពុះពារជម្នះរាល់ការលំបាកគ្រប់បែបយ៉ាងរបស់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលធំអន្តរាគមន៍លេខ២ ដែលបានខិតខំ ប្រឹងប្រែងក្នុងការហ្វឹកហ្វឺនរៀនសូត្រ បង្កើនសមត្ថភាពប្រយុទ្ធ និងអប់រំនយោបាយចិត្តសាស្ដ្រ ឧត្តមគតិស្នេហាជាតិ ស្នេហាប្រជាជន ព្រមទាំងឆន្ទៈមោះមុតក្នុងការបំពេញកាតព្វកិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី និងការពារភាពសុខសាន្ដជូនប្រជាជន ក៏ដូចជាប្រទេសជាតិ។
ដោយឡែកក្នុងមតិស្វាគមន៍នៅទីបញ្ជាការកងពលតូតថ្មើរជើងលេខ៤២ លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូតថ្មើរជើងលេខ ៤២ បានរាយការណ៍អំពីការខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនក្នុងកិច្ចការពារជាតិមាតុភូមិ និងភាពម្ចាស់ការបំពេញភារកិច្ចស្នូល មានដូចជា ភារកិច្ចការពារព្រំដែន ល្បាតត្រួតពិនិត្យព្រំដែនបង្គោលសីមា កសាងប្រព័ន្ធការពារទីតាំងសម្រាប់ការពារជាតិបានរឹងមាំ និងការយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់នៅនឹងកន្លែង អប់រំរៀនសូត្រ បំប៉នមុខជំនាញផ្សេងៗជាប្រចាំ។
ថ្លែងនាឱកាសនោះលោកបណ្ឌិត គុណ ញឹម បានលើកឡើងអំពីវីរភាពរបស់បងប្អូនកងទ័ព នាយទាហាន នាយទាហានរង និងពលទាហាននៃកងពលធំអន្ដរាគមន៍លេខ២ និងអង្គភាពទាំងអស់ដែលឈរជើងប្រចាំការនៅព្រំដែនក្នុងភូមិសាស្ដ្រខេត្តឧត្តរមានជ័យ គឺពិតជាការលះបង់ដ៏ខ្ពង់ខ្ពស់ប្រកបដោយឧត្តមគតិស្នេហាជាតិ ស្នេហាប្រជាជន ក្នុងការបំពេញកាតព្វកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសន្ដិភាព និងភាព-សុខសាន្ដរបស់ប្រជាជាតិនិងប្រជាជនរបស់យើង។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត ក៏បាននាំយកនូវអំណោយ និងថវិកាដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគល់ជូនដល់៖
* ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២ នៅខេត្តសៀមរាប រួមមាន៖ អង្ករ ១០តោន, មី ៤០កេសធំ, ត្រីខ ៤០កេសធំ, ទឹកស៊ីអ៊ីវ ១០០យួរ, ស្ករស ៤តោន, ត្រីងៀត ៦០ គីឡូក្រាម, ទឹកសុទ្ធ Cambodia ៣០០កេស, ស្រាបៀរ Cambodia ១៥០កេស, ទឹកក្រូច IZE ២៥០កេស, ស៊ីម៉ង់ត៍ ១០០តោន, ដែក ៣០តោន និងថវិកាមួយចំនួនជូនដល់បញ្ជាការដ្ឋាន និងនាយទាហាន, នាយទាហានរង និងពលទាហានទាំងអស់។
* កងកម្លាំងជួរមុខឈរជើងក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ចំនួន ៨អង្គភាព សរុបរួមមាន៖ អង្ករ ២៧.៥តោន, មី ៧២កេសធំ, ត្រីខ ៨២កេសធំ, ទឹកស៊ីអ៊ីវ ៨២យួរ, ស្ករស ៤.២៥តោន, ទឹកសុទ្ធ ៣៥០កេស, ស្រាបៀរ Cambodia ១៦៤កេស, ភេសជ្ជៈ ៣៣០កេស, ប្រេងឆា ៥៦កេស, ត្រីងៀត ២០០គីឡូក្រាម និងថវិកាមួយចំនួនជូនដល់អង្គភាព និងនាយទាហាន, នាយទាហានរង ពលទាហាន និងកងកម្លាំងទាំងអស់ ព្រមទាំងឧបត្ថម្ភជាថវិកាទិញសម្ភារៈតបណ្ដាញទឹកសម្រាប់កងទ័ពជួរមុខទិសប្រាសាទតាមន្ដ។
បន្ទាប់ពីចប់ពីធីសំណេះសំណាលសួរសុខទុក្ខ នៅបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៤២, បណ្ឌិត គុណ ញឹម បានដឹកនាំគណៈប្រតិភូ អគរ ចុះទៅទស្សនកិច្ចប្រាសាទតាមន្ដ និងប្រាសាទតាក្របី ដើម្បីសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកម្លាំងរបស់កម្ពុជា ដែលឈរជើងប្រចាំការផ្ទាល់នៅប្រាសាទទាំងពីរនេះ។
អង្គពិធីទាំងមូលក៏បានគោរពវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានទទួលអនិច្ចកម្ម នាថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ផងដែរ៕