(ភ្នំពេញ)៖ អង្គភាពព័ត៌មាន Fresh News សូមប្រកាសផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិតក្រីក្រ ដែលខ្វះខាតក្នុងការសិក្សា ថ្នាក់បរិញ្ញាបត្រ និងបញ្ញាបត្រជាន់ខ្ពស់ អាចសិក្សាដោយឥតគិតថ្លៃ។ អាហារូបករណ៍នេះផ្តល់ដោយសាកលវិទ្យាល័យបញ្ញាជាតិ។
លោក លឹម ជាវុត្ថា នាយកប្រតិបត្តិឲ្យដឹងថា «សិស្ស និស្សិតក្រីក្រ ដែលគ្មានលទ្ធភាពបន្តការសិក្សា នៅតាមបណ្តាសាកលវិទ្យានានា អាចទាក់ទងអង្គភាពព័ត៌មាន Fresh News ទទួលយកអាហារូបករណ៍ សម្រាប់សិក្សាថ្នាក់បរិញ្ញាប័ត្រ សិក្សាក្នុងរយៈពេល៤ឆ្នាំ និងថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ សិក្សារយៈពេល២ឆ្នាំ នៅសាកលវិទ្យាល័យបញ្ញាជាតិ»។
ការប្រកាសផ្តល់អាហាររូបករណ៍របស់ អង្គភាពព័ត៌មាន Fresh News បានធ្វើឡើងក្រោយពី លោកជំទាវឧកញ៉ាបណ្ឌិត ជា សវណ្ណនី សាកលវិទ្យាធិការ សាកលវិទ្យាល័យបញ្ញាជាតិ បានផ្តល់អាហារូបករណ៍១០០ភាគរយ ២៥កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ១៥កន្លែង សិក្សាក្នុងរយៈពេល៤ឆ្នាំ និងថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងសិក្សារយៈពេល២ឆ្នាំ ជូនលោក លឹម ជាវុត្ថា ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ បណ្តុះបណ្តាល ធនធានមនុស្ស និងអភិវឌ្ឍន៍ ប្រទេសកម្ពុជា។
លោក លឹម ជាវុត្ថា សូមសម្តែងការអរគុណដល់ លោកជំទាវឧកញ៉ាបណ្ឌិត ជា សវណ្ណនី ដែលបានផ្តល់អាហារូបករណ៍១០០% ចំនួន២៥កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់អង្គភាពព័ត៌មាន Fresh News។ លោក លឹម ជាវុត្ថា សង្ឃឹមការផ្តល់អាហារូបករណ៍របស់ សាកលវិទ្យាធិការ សាកលវិទ្យាល័យបញ្ញាជាតិ នាពេលនេះនឹងជួយសម្រូលដល់ការសិក្សា របស់សិស្សានុសិស្សបានថែមមួយកំរិតទៀត។
លោក លឹម ជាវុត្ថា បានសម្រេចថា នឹងផ្តល់អាហារូបករណ៍នេះ បន្តទៅកាន់សិស្សានុសិស្សខ្វះខាត ដើម្បីជាការចូលរួមជួយសម្រូលជីវភាពរស់នៅប្រចាំថ្ងៃ របស់សិស្ស និស្សិតក្រីក្រ បានថែមមួយកំរិតទៀត។ ប្រសិនបើសិស្សានុសិស្ស មានចំណាប់អារម្មណ៍ ទទួលបានអាហារូបករណ៍ពី អង្គភាពព័ត៌មាន Fresh News និង ចង់សាកសួរព័ត៌មានបន្ថែម អាចទាក់ទងតាមទូរស័ព្ទលេខ៖ 017 608 006, email: [email protected]។
គួរបញ្ជាក់ថា សាកលវិទ្យាល័យបញ្ញាជាតិ ជាគ្រឹះស្ថានឧត្តមសិក្សាដែលបង្កើតឡើងដើម្បីអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយចំណេះដឹង សមត្ថភាពបញ្ញា និងគុណធម៌ដល់ប្រជាពលរដ្ឋកម្ពុជា៕