(កណ្ដាល)៖ លោកវេជ្ជបណ្ឌិត គាម ពិសិដ្ឋ ប្រធានគណៈគ្រូពេទ្យខេត្តកណ្ដាល បានថ្លែងបញ្ជាក់ថា ការលើកកម្ពស់គុណភាពវិជ្ជាជីវៈ​ក្រមសីលធម៌​ក្នុងវិស័យសុខាភិបាល​ជា ចលករមិនអាចខ្វះបាន​របស់សង្គមជាតិ​ពេលក្នុងបច្ចុប្បន្ន និងទៅអនាគត។

លោកវេជ្ជបណ្ឌិត គាម ពិសិដ្ឋ បានថ្លែងដូចនេះនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ នាឱកាសអញ្ជើញជាអធិបតីក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្ររបស់ក្រុមគ្រូពេទ្យលើកទី១៦ របស់ខេត្តកណ្ដាល ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល និងប្រធានការិយាល័យទូទាំងស្រុក.ក្រុង ក្នុងខេត្តកណ្ដាល ព្រមទាំងលោកគ្រូអ្នកគ្រូពេទ្យក្នុងវិស័យឯកជន ដែលធ្វើឡើងនៅសាលាគរុកោសល្យ ខេត្តកណ្ដាល ។

នាឱកាសនោះលោកវេជ្ជបណ្ឌិត គាម ពិសិដ្ឋ បានកោតសរសើរដល់គណៈគ្រូពេទ្យដែលបំពេញការងារកន្លងមកប្រកបដោយវិជ្ជាជីវៈ និងទទួលបានលទ្ធផលល្អ តែក៏មានចំណុច​ខ្វះខាត​តិចតួច និងភាពចន្លោះ​ប្រហោង​ ដែលទាមទារឲ្យក្រុមគ្រូពេទ្យទាំងអស់ត្រូវបំពេញបន្ថែមក្នុងស្ថាប័នរបស់ខ្លួន ដើម្បីឲ្យមានការអភិវឌ្ឍទៅតាមតម្រូវការរបស់សង្គម និងអតិថិជនមកទទួល​សេវាព្យាបាល​ប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះលោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន បានថ្លែងថា គោលបំណងសំខាន់នៃទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រ របស់ក្រុមគ្រូពេទ្យលើកទី១៦នេះ គឺស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ​ដែលគណៈគ្រូពេទ្យ​បានអនុវត្តកន្លងមក។ ទន្ទឹមនឹងការប្រឹងប្រែង ខិតខំទាំងនេះសមាជិកសមាជិកាក្រុមប្រឹក្សាគណៈគ្រូពេទ្យយើង នៅមានចំណុចអវិជ្ជមានមួយចំនួនតូចដែលត្រូវកែលម្អ។ គ្រូពេទ្យដែលទើបបញ្ចប់ការសិក្សាថ្មីៗ ពុំសូវយល់ជ្រួបជ្រាបអំពីច្បាប់បទបញ្ជាផ្ទៃក្នុង ដែលកត្តានេះជំរុញឲ្យក្រុមគ្រូពេទ្យខិតខំបង្ហាញផ្លូវក្នុងទិសដៅឱ្យវិជ្ជាជីវៈវេជ្ជសាស្ត្រឲ្យកាន់តែល្អប្រសើរ៕