(ភ្នំពេញ)៖ គណៈប្រតិភូគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ បានចូលគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន។
គណៈប្រតិភូតំណាងគណៈបក្សភ្លើងទៀន និងគណៈបក្សឆន្ទៈខ្មែរ ដឹកនាំដោយ លោក សុក ហាច ប្រធានគណបក្សឆន្ទៈខ្មែរ និងលោក ហុង សុកហួរ ប្រធានស្តីទីគណបក្សភ្លើងទៀន។ ក្នុងនោះក៏មានដែរលោក សុន ឆ័យ, លោក លី សុទ្ធារ៉ាយុទ្ធ , លោក គង់ មូលីកា ជាដើម។
គណៈប្រតិភូគណបក្សប្រឆាំងទាំងនេះបានជួបជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារនៃសព ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាព ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន។
ក្នុងវេលាពោរពេញដោយ សមានទុក្ខនេះ គណៈប្រតិភូ តំណាងគណៈបក្សភ្លើងទៀន និងគណៈបក្ស ឆន្ទៈខ្មែរ បានសម្តែងនូវសមានទុក្ខដ៏មហាក្រៀមក្រំបំផុត និងតក់ស្លុត ក្នុងចិត្ត ជាអនេកប្បការ ចំពោះចំពោះការទទួលមរណភាព របស់ ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុនសាន រដ្ឋលេខាធិការ ក្រសួងសាធា រណការនិងដឹកជញ្ជូនត្រូវជាបងប្រុសបង្កើតរបស់សម្តេចតេជោនិងបានចាត់ទកមរណភាព របស់ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋិ គឺជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើម១រូប បិតា បិតាក្មេក និងជីតា ប្រកបដោយ ព្រហ្មវិហារធម៌ និងជាបងប្រុសជាទីគោរពស្រឡាញ់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ សាច់ញាតិដ៏គួរឱ្យសោកសង្រេងនិងអាឡោះអាល័យ។ គំរូវីរភាពនិងស្នាដៃរបស់ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ បានដក់ជាប់ ក្នុងក្រឳបេះដូងប្រជាពលរដ្ឋគ្រប់ៗរូប ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងធនធានផ្ទាល់ខ្លួនចូលរួមចំណែកកសាងជាតិមាតុភូមិជាមួយរាជរដ្ឋាភិបាល ក្រោមម្លប់សុខសន្តិភាព។
ជាមួយនឹងសមានទុក្ខដ៏សែនក្រៀមក្រំនេះគណៈប្រតិភូ តំណាងគណៈបក្សភ្លើងទៀននិងគណៈបក្ស ឆន្ទៈខ្មែរ បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន បានទទួលអនិច្ចកម្ម នាម៉ោង២៖២៧នាទីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ៕