(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ក្រុមអ្នកច្បាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត (ក.ច.ស.ធ.) បានរៀបចំពិធីប្រកាសសមាសភាពជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ម៉ុក ច័ន្ទសុធា ប្រធាន ក.ច.ស.ធ.។
លោកប្រធាន បានមានមតិសំណេះសំណាល និងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់សមាជិកក្រុមការងារទាំងអស់ និងអង្គពិធីទាំងមូល។
លោកប្រធាន បានលើកឡើងបន្ថែមទៀតថា ការបង្កើត ក.ច.ស.ធ. គឺមានគោលបំណងផ្តល់ជំនួយផ្នែកច្បាប់ជូនប្រជាពលរដ្ឋដែលពុំមានលទ្ធភាពពឹងពាក់សេវាវិជ្ជាជីវៈច្បាប់ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី និងមិនទៅជំនួសយន្តការដែលមានស្រាប់នោះទេ។ ក.ច.ស.ធ. គឺជាយន្តការបំពេញបន្ថែមដើម្បីបង្កើនសហថាមពលក្នុងវិស័យច្បាប់ និងយុត្តិធម៌។
លោកប្រធាន បានសង្កត់ធ្ងន់ថា ការអនុវត្តការងារត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ វិន័យ និងត្រូវមានការទទួលខុសត្រូវខ្ពស់ ចៀសវៀងការប្រព្រឹត្តអំពើខុសឆ្គង និងខុសច្បាប់ ព្រមទាំងសកម្មភាពទាំងឡាយដែលប៉ះពាល់ដល់ ក.ច.ស.ធ.៕