Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក កែ គឹមយ៉ាន ដឹកនាំគណៈប្រតិភូដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

29-03-2025 19:43

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥ លោក កែ គឹមយ៉ាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានដឹកនាំគណៈប្រតិភូអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅគេហដ្ឋាន ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥។

ក្នុងឱកាសដ៏សែនសោកសង្រេងនោះ លោក កែ គឹមយ៉ាន សម្តែងនូវសមានទុក្ខ តក់ស្លុត និងសោកស្តាយយ៉ាងខ្លាំងបំផុតចំពោះមរណភាពរបស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ដែលនេះគឺជាការបាត់បង់នូវឧត្ដមស្វាមី បិតា បិតាក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ មានគុណូបការៈដ៏ជ្រាលជ្រៅនិងជាទីគោរព ស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតរបស់កូនៗ ចៅៗ ដែលកន្លងមក អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី តស៊ូ ពុះពារចិញ្ចឹមបីបាច់ថែរក្សា ផ្គត់ផ្គង់ ទំនុកបម្រុងសព្វបែបសព្វយ៉ាងដល់ក្រុមគ្រួសារ ព្រមទាំងផ្ដល់នូវឱវាទអប់រំទូន្មាន ភាពកក់ក្ដៅ និងសេចក្ដីស្រលាញ់ដ៏ធំធេងមិនអាចកាត់ថ្លៃបានដល់កូនៗ ចៅៗឱ្យបានក្លាយជាបញ្ញវន្តដ៏ប្រពៃ ជាពលរដ្ឋដ៏ល្អ។ លើសពីនេះទៅទៀត មរណភាពរបស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ក៏ជាការបាត់បង់ដ៏ធំធេងឥស្សរជនឆ្នើមមួយរូប ដែលបានខិតខំបំពេញការងារ និងសម្រេចបានលទ្ធផលជាច្រើនជូនជាតិមាតុភូមិ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនោះដែរ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួង សូមឱ្យវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕