(ភ្នំពេញ)៖ ស្ត្រីម្នាក់ដែលមានទោស២០ឆ្នាំ រឿងរៀបគម្រោងធ្វើឃាតគ្រួសារលោក ស៊ុន ចាន់ថុល ត្រូវបានតុលាការកំពូល កាលពីព្រឹកថ្ងៃទី៣១ ខែតុលា បើកសវនាការករណីផ្សេងមួយទៀត ពោលគឺបទល្មើសរំលោភលើទំនុកចិត្តពិសេសដោយអភិបាល ឬ បុគ្គលផ្សេងទៀត នូវទឹកប្រាក់រាប់ម៉ឺនដុល្លារអាមេរិក តាមបណ្តឹងរបស់លោកឧកញ៉ា ខូវ ផល្លាបុត្រ ដែលជាអតីតប្តីរបស់អ្នកស្រីឡាយ ហួង ។ ប៉ុន្តែក្រោយការសួរដេញដោល លោក ឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល បានលើកពេលប្រកាសសាលដីកាទៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ខាងមុខនេះវិញ ។
ជនជាប់ចោទក្នុងសំណុំរឿងនេះមានបីនាក់ទី១ ឈ្មោះ ឡាយ ហួង ភេទស្រី អាយុ៤៩ឆ្នាំ ឈ្មោះ ឡាយ ឆាយ ភេទប្រុស អាយុ៤៤ឆ្នាំ និង ឈ្មោះ ហេង សុកជា ភេទប្រុស អាយុ៥០ឆ្នាំ ជាប់ចោទពីបទ " រំលោភលើទំនុកចិត្តពិសេសដោយអភិបាលឬបុគ្គលផ្សេងទៀត បទសមគំនិត និង បទផ្តើមគំនិត ប្រព្រឹត្តនៅខេត្តមណ្ឌលគិរី កាលពីអំឡុងឆ្នាំ២០១១ តាមមាត្រា២៨ , ២៩ , ៣៩១ និង ៣៩៣ នៃក្រមព្រហ្មទណ្ឌ ។
នៅដំណាក់កាលសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ សុទ្ធតែបានសម្រេចឲ្យក្រុមជនជាប់ចោទ រួចផុតពីបទចោទប្រកាន់។ ប៉ុន្តែដើមបណ្ដឹងបានប្តឹងរហូត ទើបឈានដល់សវនាការនៅតុលាការកំពូលនេះ ។
គួររំលឹកថា អ្នកស្រី ឡាយ ហួង និង ឧកញ៉ា ខូវ ផល្លាបុត្រ ធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២០ឆ្នាំ ពាក់ព័ន្ធការរៀបចំគម្រោងរំលោភសេពសន្ថវៈ និងសម្លាប់ក្រុមគ្រួសារលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន។ បច្ចុប្បន្នសំណុំរឿងនេះ កំពុងដំណើរការនៅសាលាឧទ្ធរណ៍៕