(សៀមរាប)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចាត់ទុកកុមារគឺទំពាងស្នង ឫស្សី នឹងគឺជាអ្នកបន្តវេនរបស់ ប្រទេសជាតិ យ៉ាងសំខាន់ តាមរយៈការជម្រុញបង្កើនធនធានមនុស្សថ្មីៗ ក្រោមការយកចិត្តទុកដាក់យ៉ាងខ្លាំង របស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យអប់រំ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក ឯម ច័ន្ទមករា អ្នកនាំពាក្យក្រសួងសង្គមកិច្ច ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ ។
លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងបែបនេះ ខណៈលោកអញ្ជើញចូលរួម នៅក្នុងពិធីចែកកង់ចំនួន៤០០គ្រឿង ដែលជាជំនួយរបស់ អង្គការក្រៅរាជរដ្ឋាភិបាលជប៉ុន ជូនដល់ កុមារកំព្រា កុមារក្រីក្រតាមមណ្ឌល និងតាមសាលារៀនរដ្ឋ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ។ កម្មវិធីខាងលើនេះ ក៏មានការចូលរួមពី លោក សួង ម៉េងឡុង អគ្គនាយកកិច្ចការរដ្ឋបាល និងហរិញ្ញវត្ថុ និងមន្រ្តីរាជការក្រសួងសង្គមកិច្ចជាច្រើននាក់ទៀត ចូលរួមផងដែរ។
លោក ឯម ច័ន្ទមករា បានបន្ថែមឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានលើកឡើងឲ្យដឹងទៀតថា ប្រទេសជប៉ុនគឺជា ដៃគូរសំខាន់មួយ ជាពិសេសអង្គការក្រៅរាជរដ្ឋាភិបាល កុកឹសៃ នេះជាដើមគឺបាន ចូលរួមចំណែកជា បន្តបន្ទាប់ ក្នុ្ងងការផ្តល់ជាសម្ភារៈផ្សេងៗ ជួយមកដល់កុមារកំព្រារកម្ពុជា ។ ជាក់ស្តែងនៅពេលនេះ អង្គការបានផ្តល់កង់ចំនួន៤០០គ្រឿង ជូនដល់កុមារកំព្រារ កុមារទីទ័លក្រ កុមារងាយរងគ្រោះ នៅតាមសហគមន៍ដែលជាឱកាសយ៉ាងល្អប្រសើរ ដើម្បីជួយដល់កុមារទាំងនោះ ឲ្យមានលទ្ធភាពបន្តក្នុងការស្វែងរក ចំណេះដឹងបន្ថែម ឬការប្រកបមុខរបរផ្សេងៗជាដើម ។
លោករដ្ឋមន្រ្តី មានបញ្ជាក់បន្ថែមទៀតថា ក្រៅពីការផ្តល់ជំនួយពីប្រទេសជាដៃគូរ ឬអង្គការ ដែលជាដៃគូនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏យកចិត្តទុកដាក់យ៉ាងខ្លាំង លើការលើក កម្ពស់ ដល់ប្អូនៗកុមារ ព្រោះប្អូនៗជាទំពាំងស្នងឫស្សី នឹងជាសសរទ្រូងសម្រាប់ប្រទេសជាតិយ៉ាងសំខាន់ ដែលរាជរដ្ឋាភិបាលបានកំពុងជម្រុញយកចិត្តទុកដាក់ លើវិស័យ អប់រំនេះ ដើម្បីឲ្យកម្ពុជាជាប្រទេសមានធនធានមនុស្ស ប្រកបដោយសក្តានុពល ដើម្បីជម្រុញឲ្យប្រទេសជាតិមានការរីកចម្រើនឥតឈបឈរផងដែរ ។
លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរារដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិទាំងមូល មានសុខសន្តិភាព មានការរីកចម្រើនលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ និយាយរួម និងនិយាយដោយឡែកស្ថានភាពនៃការ វិវត្តន៍ទៅមុខរបស់ខេត្តសៀមរាប ធ្វើឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ឥតឈប់ឈរផងដែរពីមួយឆ្នាំទៅមួយឆ្នាំ ។
វឌ្ឍនៈភាពនេះ ក៏បានឆ្លុះបញ្ចាំងឲ្យឃើញ ពីការយកចិត្តទុកដាក់រួមចំណែកពីសំណាក់ថ្នាក់ដឹកនាំ និងពីគ្រប់កោសិកាសង្គមដែលរួមមានស្ថាប័ននានារបស់រាជរដ្ឋាភិបាលអាជ្ញាធរ ដែនដី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចគ្រប់ផ្នែកទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សង្គមស៊ីវិល វិស័យឯកជន និងការចូលរួមរបស់ប្រជាជនផងដែរ ។
លោករដ្ឋមន្រ្តី ក៏បានក្រើនរំលឹកដល់មាតាបិតាសិស្ស ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះ សូមរួសរាន់ទៅចុះឈ្មោះបោះឆ្នោត ព្រោះជិតផុតកាលកំណត់ហើយដើម្បីចូលរួម ក្នុងការសម្រេចជ្រើសរើសគណបក្សនយោបាយណា ដែលខិតខំធ្វើកិច្ចការដើម្បីរាស្រ្ត និងសុខសន្តិភាពជូនប្រទេសជាតិ៕