(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា បានសម្រេចបង្កើតគណៈកម្មការមួយ ហើយឧបត្ថម្ភថវិកាប្រមាណ ៥០លានរៀល ដើម្បីរៀបចំពិធីបុណ្យសព លោក ប៉ែន សុវណ្ណ តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ។ នេះបើតាម លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា។

លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា គណៈកម្មការរៀបចំបុណ្យសពនេះ រដ្ឋសភាបានប្រគល់ភារកិច្ចជូន លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ ជាអ្នកដឹកនាំ ហើយរឿងនេះ កំពុងដាក់ជូនសម្តេច ហេង សំរិន ដើម្បីសម្រេច។

សូមបញ្ជាក់ថា លោក ប៉ែន សុវណ្ណ តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ ប្រចាំខេត្តកំពង់ស្ពឺ និងជាអតីតនាយករដ្ឋមន្ត្រី សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា បានទទួលមរណភាព នៅវេលាម៉ោង៧៖១៥នាទី ព្រលប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ ក្នុងគេហដ្ឋានលោក នៅខេត្តតាកែវ។ នេះបើតាមការប្រកាសរបស់គណបក្សសង្រ្គោះជាតិ។

លោក ប៉ែន សុវណ្ណ បានមានជំងឺដាច់សរសៃឈាមខួរក្បាល កាលពីថ្ងៃទី១៨ មករា ២០១៥ បណ្តាលឱ្យលោក មិនអាចបំពេញការងារផ្សេងៗរហូតមកដល់ពេលនេះ។ លោកត្រូវបាន ក្រុមគ្រួសារយកទៅថែរក្សានៅស្រុកកំណើតនាខេត្តតាកែវ ក្រោយពេលត្រឡប់មកពីព្យាបាលនៅប្រទេសសិង្ហបុរី៕