(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានលើកឡើងថា ជ្រកក្រោមម្លប់នៃសុខសន្តិភាព និងក្រោមមគ្គទ្ទេសក៍ដ៏ឆ្លាតឈ្លាសវៃរបស់ រាជរដ្ឋាភិបាលកម្ពុជា លោកមានសុទិដ្ឋិនិយម និងជឿជាក់យ៉ាង មុតមាំថា ខ្មែរអាចធ្វើបាន និងអាចរួមគ្នាកសាងសង្គម ដែលស្អាតបាន ដើម្បីកសាងភាពស្អាតមួយ ទុកឱ្យកូនចៅជំនាន់ក្រោយបន្តរាប់ជំនាន់ទៅមុខទៀត។
លោកបណ្ឌិត អ៊ាង សុផល្លែត បានញ្ជាក់ថា លើសពីនេះទៀត ការបណ្តុះគំនិតស្រលាញ់ ភាពស្អាត ដល់សិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីនេះ នឹងជំរុញពួកគាត់ ឱ្យក្លាយជាធនធានដ៏មានសារៈសំខាន់ ចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍ និងយុទ្ធនាការផ្សេងៗទៀតដើម្បីឈានទៅ សម្រេចបាននូវភាពស្អាត ភាពបៃតង និងចីរភាពសម្រាប់កម្ពុជាផងដែរ ជាក់ស្តែង ដូចជាការចូលរួមដាំកូនឈើ កន្លងមក នៅក្នុងយុទ្ធនាការ ដាំដើមឈើ១លាន ដើមក្នុង១ឆ្នាំ របស់ក្រសួង បរិស្ថាន ដើម្បីកម្ពុជាឆ្ពោះទៅជាប្រទេសអព្យាក្រឹត កាបូននៅឆ្នាំ២០៥០។
ការលើកឡើងបែបនេះ របស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោកបានអញ្ជើញជាធិបតីភាពក្នុងបុណ្យសម្ពោធឆ្លងកុដ្ឋ ពុទ្ធាភិសេក ឆ្លងខ្លោងទ្វារ ផ្លូវបេតុង វច្ចកុដ្ឋ និងសមិទ្ធផលនានា នៅវត្តខទិរារាម (ហៅវត្តគគីរ) ស្ថិតនៅភូមិទី២ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ជាមួយគ្នានេះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថ យុទ្ធសាស្រ្ត ចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ បានរៀបចំឡើង ដោយអនុលោមតាម កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨ ដែលបានគូសបញ្ជាក់ពីបេសកកម្ម និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងវិស័យបរិស្ថាន ដើម្បីឆ្លើយតប ទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋទូទៅ សំដៅឈានឆ្ពោះទៅកាន់ ការអភិវឌ្ឍប្រកបដោយចីរភាព ដែលកំណត់យកមុំចំនួនបី គឺ «ភាពស្អាត» «ភាពបៃតង» និង «ចីរភាព» សំដៅឆ្ពោះទៅសម្រេចការអភិវឌ្ឍប្រកបដោយ អព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
លោកបណ្ឌិត បានបញ្ជាក់ថា យុទ្ធសាស្ត្រនេះនឹងប្រើប្រាស់ជាផែនទីបង្ហាញ ផ្លូវក្នុងការអនុវត្តឱ្យចំគោលដៅ អាទិភាពផ្តល់សេវាសាធារណៈឱ្យចំតម្រូវការរបស់សាធារណជន និងប្រែក្លាយ សក្តានុពលវិស័យបរិស្ថាន ឱ្យក្លាយទៅជាឧត្តមប្រយោជន៍បម្រើដល់ប្រជាពលរដ្ឋ កម្ពុជាគ្រប់ជំនាន់ និងចូលរួមចំណែក ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ សកល និងនាំឱ្យសង្គមកម្ពុជា មានភាពស្អាតជាងមុន ភាពបៃតងជាងមុន និងការរស់នៅប្រកបដោយភាពសុខដុម និងផាសុកភាព ក្នុងសង្គមជាតិ របស់យើង។
ទន្ទឹមនឹងនេះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា គោលដៅជាយុទ្ធសាស្ត្រ គឺការកាត់បន្ថយការបំពុល និងផលប៉ះពាល់ បរិស្ថានជាអតិបរមា ការពង្រឹងការគ្រប់គ្រងទឹក និងការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការចូលរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុសកល ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព។ រាល់សមិទ្ធផលដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថាន ជាសេនាធិការជូន រាជរដ្ឋាភិបាល សម្រេចបានកន្លងមកនេះ គឺអាស្រ័យដោយការដឹកនាំខាង នយោបាយត្រឹមត្រូវប្រកបដោយឆន្ទៈមុះមុត មានការចូលរួមគាំទ្រពីសមាជិក សមាជិកានៃស្ថាប័ននីតិ ប្បញ្ញត្តិ សមាជិក សមាជិការាជរដ្ឋាភិបាល មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ កសិករ កម្មករ និយោជិក ធុរជន វិនិយោគិន យុវជន យុវនារី លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងប្រជាជនទូទាំងប្រទេស។
ព្រមទាំងការជួយឧបត្ថម្ភគាំទ្រដោយចិត្តស្មោះសរពីបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍ និងសហគមន៍ អន្តរជាតិ សំដៅឈានទៅសម្រេចបាននូវបំណងប្រាថ្នារយៈពេលវែងរបស់ប្រជាជនកម្ពុជា ក្នុងគោលបំណងតម្កល់ខ្ពស់នូវឧត្តមគតិស្នេហាជាតិដ៏ថ្លៃថ្លា និងបរិសុទ្ធរបស់ខ្លួន បំពេញបេសកកម្មជាប្រវត្តិសាស្ត្រក្នុងការបម្រើជាតិមាតុភូមិនិងប្រជាជន និងប្រែក្លាយកម្ពុជាឱ្យទៅជាទឹកដីដ៏ពិសិដ្ឋ ប្រកបដោយសុខសន្តិភាព និងវិបុលភាព ជាសង្គមប្រកបដោយ សុខដុមរមនា រួបរួមសាមគ្គីជាធ្លុងមួយគ្មានការកើតឡើងជាថ្មី នូវសង្គ្រាមអំពើ ប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិមានការអភិវឌ្ឍដ៏រស់រវើក មាន ជីវភាពកាន់តែប្រសើរឡើងឆ្ពោះទីកាន់ចក្ខុវិស័យប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ព្រម ទាំងក្លាយជាប្រទេសអារ្យប្រទេសជឿនលឿនមួយ ក្នុងតំបន់ជាមួយនឹងស្នាមញញឹម និងក្តីសង្ឃឹមរបស់ប្រជាជន៕