(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ អមដំណើរ ដោយលោក Xavier Bettel ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មក្រៅប្រទេស និងជារដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងសកម្មភាពមនុស្សធម៌ នឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា ក្នុងឱកាសនៃព្រះរាជទស្សនកិច្ចនេះ ព្រះអង្គម្ចាស់រជ្ជទាយាទ Guillaume Jean Joseph Marie នឹងមានជំនួបទ្វេភាគីជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរំពឹងថា នឹងជួបពិភាក្សាការងារជាមួយឥស្សរជនជាន់ខ្ពស់កម្ពុជាមួយចំនួនទៀតផងដែរ។
ព្រះរាជទស្សនកិច្ចជាន់ខ្ពស់របស់ព្រះអង្គម្ចាស់រជ្ជទាយាទ Guillaume Jean Joseph Marie មកព្រះរាជាណាចក្រកម្ពុជា នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏ល្អ ដែលមានស្រាប់រវាងកម្ពុជា និងលុចសំបួ៕