(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ បានបើកសិក្ខាសាលផ្សព្វផ្សាយស្តីពីការអនុវត្តតារាងពន្ធគយកម្ពុជាឆ្នាំ២០១៧ និងវឌ្ឍនភាពនៃការអនុវត្ត គម្រោងប្រព័ន្ធស្វ័យប្រវត្តិកម្មគយ២០០៦-២០១៦។ សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួងនិងស្ថាប័ននានានៃរាជរដ្ឋាភិបាល មន្ត្រីគយនិងរដ្ឋាករ វិស័យឯកជនពាក់ព័ន្ធ តំណាងអង្គការ JICA ព្រមទាំងដៃគូអភិវឌ្ឍន៍មួយចំនួនផងដែរ។
ថ្លែងក្នុងពិធីបើកលោកបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ពីគោលបំណងរបស់សិក្ខាសាលា គឺដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានថ្មីៗ ស្តីពីការកែសម្រួលបទប្បញត្តិមួយចំនួនពាក់ព័ន្ធនឹងតារាងពន្ធគយថ្មីដែលគ្រោងដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ និងវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធស្វ័យប្រវត្តិកម្មគយចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ ២០១៦។
សិក្ខាសាលាផ្សព្វផ្សាយនេះ នឹងផ្តល់សារប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ន្ធក្នុងការប្រើប្រាស់ព័ត៌មានថ្មីៗទាំងនោះតាមតម្រូវការ នៃវិស័យរៀងៗខ្លួន ជាពិសេសវិស័យឯកជនអាចនឹងមានមូលដ្ឋានគ្រប់គ្រាន់ ដើម្បីកំណត់គោលដៅអាជីវកម្មរបស់ខ្លួនសម្រាប់ ពេលអនាគតផងដែរ។
លោកអគ្គនាយក ក៏បានលើកឡើងផងដែរថា សិក្ខាសាលានេះ មិនត្រឹមតែជាវេទិកាសម្រាប់ផ្សព្វផ្សាយវឌ្ឍនភាព នៃបទប្បញ្ញត្តិនិងការ អនុវត្តនានារបស់ស្ថាប័នគយប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តល់ឱកាសដល់ការបង្កើនការយល់គ្នាទៅវិញទៅមក និងការពង្រឹងកិច្ចសហការ កាន់តែជិតស្និទ្ធរវាងស្ថាប័នគយ ជាមួយនឹងស្ថាប័ន្ធពាក់ព័ន្ធផ្សេងទៀត ជាពិសេសជាមួយវិស័យឯកជនដើម្បីឈានទៅពង្រឹង អនុលោមភាពសារពើពន្ធកាន់តែប្រសើរ។
ក្នុងដំណើរការសិក្ខាសាលាតំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើបទបង្ហាញស្តីពីភាពខុសគ្នារវាងតារាងពន្ធគយកម្ពុជា ពីជំនាន់បច្ចុប្បន្ន ទៅជាតារាងពន្ធគយកម្ពុជាឆ្នាំ២០១៧, ការធ្វើវិចារណកម្មតារាងពន្ធគយ ដែលក្នុងនោះមានការកែសម្រួលអត្រាពន្ធអា ករលើមុខទំនិញមួយចំនួនឲ្យកាន់តែមានសង្គតិភាពរវាងមុខទំនិញ ដែលមានមុខសញ្ញាប្រើប្រាស់ប្រហាក់ប្រហែលគ្នានិងស្របតាម គោលនយោបាយនៃរាជរដ្ឋាភិបាលការធ្វើបច្ចុប្បន្នភាពបញ្ជីទំនិញហាមឃាត់និងជាប់កម្រិតកំណត់ និងបញ្ជីទំនិញដែលពន្ធអាករ ជាបន្ទុករដ្ឋ។
លើសពីនេះទៀត ក៏មានបទបង្ហាញស្តីពីវឌ្ឍនភាព នៃការអនុវត្តប្រព័ន្ធស្វ័យប្រវត្តិកម្មគយ ចាប់ពីឆ្នាំ២០០៦ដល់ឆ្នាំ២០១៦ និងវឌ្ឍនភាព នៃការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ, ព្រមទាំងមុខងារថ្មីៗនានា ជាពិសេសគឺប្រព័ន្ធឆ្លងកាត់គយ (Transit) និងការស្នើសុំលិខិតអនុញ្ញាត គយតាមមធ្យោបាយអេឡិចត្រូនិច (E-permit) ដែលនឹងត្រូវដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧តទៅ។ នៅចុងបញ្ចប់តំណាង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏បានបង្ហាញជូនរបៀបប្រើប្រាស់គេហទំព័រគយ ដែលទើបនឹងបានកែសម្រួលនាពេលកន្លងមក ដែលវិស័យឯកជន ក៏ដូចជាអ្នកពាក់ព័ន្ធផ្សេងទៀត អាចស្វែងរកព័ត៌មានសំខាន់ៗ ដែលពាក់ព័ន្ធនឹងគយ ដើម្បីបម្រើសេចក្តីត្រូវការ របស់ខ្លួន។
សូមបញ្ជាក់ថា ការអនុវត្តតារាងពន្ធគយកម្ពុជាឆ្នាំ២០១៧ និងវឌ្ឍនភាពនៃការអនុវត្តគម្រោងប្រព័ន្ធស្វ័យប្រវត្តិកម្មគយ២០០៦ -២០១៦ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការធ្វើឲ្យដំណើរការបំពេញបែបបទបញ្ចេញទំនិញពីគយ ពាក់ព័ន្ធការឆ្លងកាត់គយនិងការចេញលិខិតអនុញ្ញាតគយកាន់តែមានភាពឆាប់រហ័ស និងមានតម្លាភាព៕