(ភ្នំពេញ)៖ អ្នកឧកញ៉ា គឹម សុខអេង ម្ចាស់គម្រោង បុរី ខេខេ ដឹរេស៊ីដេន ៥៩៨ និងជាសមាជិក​សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានសម្តែងការអបអរសាទរជូនចំពោះលោកអ្នកឧកញ៉ា លី ហួរ ដែលត្រូវបានថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃអង្គសន្និបាត  បន្ដជ្រើសតាំងជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក្នុងអាណត្ដិទី៤ ( ឆ្នាំ២០២៥-២០២៧)។

លោកអ្នកឧកញ៉ា លី ហួរ ត្រូវបានសមាជិកសមាគមបោះឆ្នោតគាំទ្រ១០០% ឱ្យបន្ដធ្វើជាប្រធានសមាគមអាណត្ដិថ្មីនេះ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំប្រចាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥របស់ សមាគមអភិវឌ្ឍលំនៅឋានកម្ពុជា ដែលធ្វើឡើងនៅការិយាល័យររបស់សមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា។ ​

ពិធីនេះមានការអញ្ជើញចូលរួមពី​ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ថ្នាក់ដឹកនាំ ទីប្រឹក្សា និងសមាជិក សមាជិកា សមាគមនអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ​ហើយអ្នកឧកញ៉ា គឹម សុខអេង ក៏មានវត្តមានក្នុងពិធីនេះផងដែរ។

ក្នុងនាមជាសមាជិករបស់សមាគម  ឧកញ៉ា គឹម សុខអេង បានសម្តែងក្តីរីករាយ ដែលលោកអ្នកឧកញ៉ា លី ហួរ​ បន្ដធ្វើជាប្រធានសមាគមអាណត្ដិថ្មីនេះ ដើម្បីដឹកនាំសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាឱ្យកាន់តែរីកចម្រើន និងរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជា។

​លោកអ្នកឧកញ៉ា លី ហួរ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ អនុប្រធាន និងសមាជិក សមាជិកា ដែលបានបន្ដគាំទ្រ១០០% ក្នុងការជ្រើសតាំងលោកអ្នកឧកញ៉ា បន្ដជាប្រធានសមាគមនៅក្នុងអាណត្ដិថ្មីនេះ និងបានសម្ដែងការអរគុណផងដែរ ដោយកន្លងមកនេះសមាជិក សមាជិការ បានរួមគ្នាបំពេញបេសកកម្ម ធ្វើឱ្យសមាគមមានភាពរីកចម្រើន មានកេរ្ដិ៍ឈ្មោះ និងមានការគំាទ្រយ៉ាងពេញទំហឹងពីសំណាក់សាធារណៈជន និងរាជរដ្ឋាភិបាលកម្ពុជា រួមសហការគ្នាបានយ៉ាងល្អប្រសើរ។

ជាមួយគ្នានេះលោកអ្នកឧកញ៉ា បានសង្ឃឹមថាយ៉ាងមុតមាំថា សមាជិក សមាជិកទាំងអស់គ្នា បន្ដរួមកម្លាំងសាមគ្គីគ្នា បន្ដបេសកកម្មលើវិថីនេះបន្ដទៀត ប្រកបដោយជាទីមោទនៈ ។ទន្ទឹមនឹងនោះលោកអ្នកឧកញ៉ា បានបន្ដបេ្ដជ្ញាស្វែងរកយុទ្ធសាស្រ្ដ ដើម្បីលើវិថីទៅមុខកាន់តែមានភាពរីកចម្រើន។

គួរសញ្ជាក់ថា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា មានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកវិនិយោគលើវិស័យសំណង់ធំៗ និងបានចុះបញ្ជីសមាគម ដោយទទួលស្គាល់ជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥។ បច្ចុប្បន្ននេះសមាជិកសមាគម សរុបមានចំនួន ៧៣ក្រុមហ៊ុន ព្រមទាំងបានរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងមាន ប្រធាន១រូប ប្រធានកិត្តិយស១រូប អនុប្រធាន១១រូប ឧត្តមទីប្រឹក្សា១រូប ទីប្រឹក្សាជាន់ខ្ពស់៤រូប ទីប្រឹក្សាបច្ចេកទេស៣រូប ជំនួយការប្រធាន១ រូបអគ្គលេខាធិការ១រូប ទីប្រឹក្សាច្បាប់ និងមេធាវី១រូប ហេរញ្ញិក១រូប រដ្ឋបាល១រូប៕