(ព្រះសីហនុ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបឲ្យដឹងថា ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងតាមរថយន្តភ្លើងទៅកម្សាន្ត នៅក្នុងខេត្តព្រះសីហនុ នាពេលឆាប់ៗខាងមុខនេះ។
ដំណឹងនេះត្រូវបានលោកទេសរដ្ឋមន្រ្តីបង្ហើបឲ្យដឹងនាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ ក្នុងពេលអញ្ជើញបើកការដ្ឋានជួសជុលផ្លូវជាតិលេខ៤ និងផ្លូវនៅក្នុងក្រុងព្រះសីហនុ។
បើតាមលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ព្រះរាជដំណើរយាងតាមរថយន្តភ្លើងទៅកាន់ ខេត្តព្រះសីហនុនេះ ដើម្បីយាងទតមើលផ្លូវរថភ្លើង ដែលជាស្នាព្រះហស្ថរបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងដើម្បីយាងទត និងកម្សាន្តក្នុងខេត្តព្រះសីហនុផងដែរ។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ព្រះរាជដំណើរយាងទៅកាន់ខេត្តព្រះសីហនុ របស់ព្រះមហាក្សត្រខ្មែរ ក៏នឹងមានអញ្ជើញចូលរួមអមព្រះរាជដំណើរ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ជាច្រើនរូបផ្សេងទៀត។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា កាលពីថ្ងៃទី៣០ ខែមេសា កន្លងទៅនេះ បានធ្វើដំណើរតាមរថភ្លើងពីភ្នំពេញ ទៅខេត្តព្រះសីហនុម្តងរួចមកហើយ។ ក្នុងពេលនោះ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ ចំពោះការដាក់ឲ្យដំណើរការឡើងវិញនូវផ្លូវរថភ្លើងនេះ ដែលជាការចូលរួមចំណែកខ្ពស់ក្នុងការដឹកជញ្ជូនទំនិញពី ខេត្តព្រះសីហនុ មកកាន់រាជធានីភ្នំពេញ និងពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា លោកកំពុងជំរុញឲ្យក្រុមហ៊ុនកាត់បន្ថយពេលវេលា នៃការធ្វើដំណើរតាមរថភ្លើងនេះ ពី៧ម៉ោង មកនៅត្រឹម៥ម៉ោង៕