(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីថៃនាពេលបច្ចុប្បន្ន និងអតីតនាយករដ្ឋមន្ត្រី​ថៃ​ចំនួន​៤រូប បានសម្តែងនូវសមានទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមខុរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា ចំពោះមរណភាពអ្នក​ឧកញ៉ា​​ឧត្ដម​​មេត្រីវិសិដ្ឋ ហ៊ុន សាន ដែលជាបងប្រុសជាទីគោរពស្រឡាញ់របស់សម្តេច។

ជាមួយសមានទុក្ខដ៏ក្រៀមក្រំនេះ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ លោក ស៊ុមឆៃ វង្ស​សា​វ៉ាត អតីតនាយករដ្ឋមន្ត្រីថៃ បានអញ្ជើញមកដោយ​ផ្ទាល់ ដើម្បី​​គោរព​វិញ្ញាណ​ក្ខន្ធអ្នកឧកញ៉ា​ឧត្ដម​​មេត្រីវិសិដ្ឋ ហ៊ុន សាន ដែល​កំពុងតម្កល់ធ្វើបុណ្យក្នុងសង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

ជាមួយនឹងការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធហើយនោះ លោក ស៊ុមឆៃ វង្សសាវ៉ាត ចូលរួម​រំលែក​​មរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយសម្តេចតេជោ ហ៊ុន សែន ចំពោះការបាត់បង់បងប្រុសបង្កើតជាទីគោរពស្រឡាញ់។

ក្នុងឱកាសនោះ លោក ស៊ុមឆៃ វង្សសាវ៉ាត ក៏បាននាំមកនូវកម្រងផ្កាចូលរួម​មរណទុក្ខពីអតីតនាយករដ្ឋមន្ត្រីថៃចំនួន៣រូបទៀត គោរពជូន​សម្តេចតេជោ ហ៊ុន សែនផងដែរ។ អតីតនាយករដ្ឋមន្ត្រីថៃ៣រូបផ្សេងទៀត ដែលបាន​ផ្ញើកម្រងផ្កាចូលរួមរំលែកមរណទុក្ខនេះរួមមាន៖ លោក ថាក់ស៊ីន ស៊ី​ណា​វ៉ាត្រា និងលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា និងលោក សេដ្ឋា ថាវីស៊ីន។

ទន្ទឹមនឹងការផ្ញើកម្រងផ្កាហើយនោះ អតីតនាយករដ្ឋមន្ត្រីថៃទាំង៣រូប បាន​ចូល​រួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយសម្តេចតេជោ ហ៊ុន សែន បាន​បា​ត់​បង់បងប្រុសបង្កើតជាទីស្រឡាញ់របស់ខ្លួន។

ក្រៅតែពីអតីតនាយករដ្ឋមន្ត្រីថៃហើយនោះ លោកស្រី ភែថងថាន ស៊ីណា​វ៉ាត់ ក៏បានចាត់លោកស្រីភារៈធារីស្តីទីនៃស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា នាំយកកម្រងផ្ការបស់លោកស្រីនាយករដ្ឋមន្ត្រី ចូលរួម រំលែកមរណទុក្ខ​ក្រៀម​ក្រំផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកស្រី ភែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ ដែលបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណលោក ស៊ុមឆៃ វង្សសាវ៉ាត អតីតនា​យក​​រដ្ឋមន្ត្រីថៃ ដែលបានអញ្ជើញមកចូលរួមគោរពវិញ្ញាណក្ខន្ធ​សពបង​ប្រុស​សម្តេចដោយផ្ទាល់ និងតាមរយៈលោក ស៊ុមឆៃ វង្សសាវ៉ាត សូមថ្លែង​អំណរគុណដល់អតីតនាយករដ្ឋមន្ត្រីទាំង៣រូប គឺលោក ថាក់ស៊ីន ស៊ីណា​វ៉ាត្រា និងលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា និងលោក សេដ្ឋា ថាវីស៊ីន ដែលបានចូលរួមចែករំលែកទុក្ខជាមួយសម្តេច។

សូមបញ្ជាក់ថា អ្នកឧកញ៉ាឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសបង្កើត​របស់​សម្តេចតេជោ បាន​ទទួលមរណភាពនៅថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពស២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២៖២៧នាទីទៀបភ្លឺ ដោយរោគាពាធ ក្នុងជន្មាយុ ៧៨ឆ្នាំ។ សពរបស់អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅភូមិគ្រឹះ ក្នុងសង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕