(ភ្នំពេញ)៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ដែលជាគណបក្សរាជានិយមថ្មីមួយ បានអះអាង ប្រាប់ Fresh News នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ថា គណបក្សរបស់លោក នឹងបើកទ្វារចាំទទួលយកព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មកចូលរួម នយោបាយ បើសិនជាព្រះអង្គម្ចាស់ យាងចេញពីគណបក្សសង្រ្គោះជាតិ។
លោក ញឹក ប៊ុនឆៃ បានថ្លែងថា «យើងបើកចំហរទាំអស់ មិនថាព្រះអង្គម្ចាស់ ជាសែរាជវង្ស ឬមិនមែននោះទេ យើងបើកចំហរ ដូចខ្ញុំជំរាបហើយថា បក្សយើងបើកទូលាយ ព្រោះយើងជាគណបក្សមួយត្រូវបង្រួបបង្រួមខ្មែរយើង អញ្ចឹងយើងអត់ប្រកាន់ថា នរណាជានរណាទេ ឱ្យតែមានចិត្តចង់រួបរួមជាមួយគ្នា យើងខ្ញុំស្វាគមន៍ទាំងអស់»។
ការបញ្ជាក់គោលជំហររបស់ លោក ញឹក ប៊ុនឆៃ បានធ្វើឡើងបន្ទាប់ពីព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មន្រ្តីជាន់ខ្ពស់គណបក្ស សង្រ្គោះជាតិនោះ បានព្រមានយាងចេញពីគណបក្សប្រឆាំង ក្នុងករណីដែលគណបក្សនេះ នៅតែបន្តប្រកាន់បក្ខពួកនិយម ហើយមិនអាចធ្វើកំណែទម្រង់ផ្ទៃក្នុងបាន។
ការព្រមានរបស់ ព្រះអង្គម្ចាស់ ធម្មិកោ បានធ្វើឡើងបន្ទាប់ពីមានការរិះគន់របស់ កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់ លោក កឹម សុខា ទៅលើ លោក សម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលព្រះអង្គចាត់ទុកថា ជានិម្មិតរូបមួយនៃបញ្ហាផ្ទៃក្នុង របស់គណបក្ស សង្រ្គោះជាតិ។
លោក ញឹក ប៊ុនឆៃ បានកោតសរសើរនូវសមត្ថភាពរបស់ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដោយចាត់ទុកថា ជាអ្នកមានសមត្ថភាពខ្ពស់ នៅក្នុងសែស្រឡាយរាជវង្ស។ ជាមួយគ្នានេះ លោកក៏បានរិះគន់គណបក្សប្រឆាំងថា កំពុងឈានដល់ការរង្គោះរង្គើ មិនខុសពីគណបក្ស ហ៊្វុនសិនប៉ិច កន្លងទៅ។
សូមបញ្ជាក់ថា គណបក្សខ្មែររួបរួមជាតិ ត្រូវបានបង្កើតឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយលោក ញឹក ប៊ុនឆៃ និងអតីតថ្នាក់ដឹកនាំល្បីៗ មួយចំនួននៅក្នុង គណបក្សហ៊្វុនស៊ិនប៉ិច។ ក្បាលម៉ាស៊ីនគណបក្សរាជានិយមថ្មីនេះ រួមមាន លោក ញឹក ប៊ុនឆៃ ជាប្រធានគណបក្ស, លោក ខាន់ សាវឿន អនុប្រធាន និងលោក ទៀ ចំរ៉ាត់ ប្រធានកិត្តិយស។
លោក ញឹក ប៊ុនឆៃ បានអះអាងថា នៅពេលនេះ មានគណបក្សនយោបាយចំនួន៥ បានសម្រេចចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិ ប៉ុន្តែលោកបដិសេធមិនប្រកាសជាសាធារណៈពីសមាសភាពនៃគណបក្សនយោបាយទាំង៥នោះ នៅឡើយទេ៕