Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពន្ធដារ៖ ម្ចាស់អចលនទ្រព្យ​មិនទាន់បង់​ពន្ធ​សម្រាប់​ឆ្នាំ២០១៦ អាចអញ្ជើញ​ទៅ​ប្រកាស​បង់ពន្ធ រហូតដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា

31-10-2016 10:39

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ បានចេញសេចក្តីជូនដំណឹងឲ្យដឹងថា ដើម្បីបង្កលក្ខណៈងាយស្រួល និងផ្តល់លទ្ធភាពជូន ដល់ម្ចាស់អចលនទ្រព្យ ដែលមិនទាន់បានមកប្រកាសបង់ពន្ធ មានពេលវេលាគ្រប់គ្រាន់ ក្នុងការមកប្រកាសបង់ពន្ធនេះ អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារពេលនៃការ ប្រកាសបង់ពន្ធ លើអចលនទ្រព្យសម្រាប់ឆ្នាំ២០១៦ ជាលើកទី២ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

ដូចនេះ ម្ចាស់អចលនទ្រព្យទាំងឡាយ ដែលមិនមកប្រកាសបង់ពន្ធ ក្នុងអំឡុងពេល ឫក្រោយការពន្យារពេលខាងលើនេះ នឹងត្រូវទទួលរងនូវទោសទណ្ឌ ស្របតាមច្បាប់ ស្តីពីសារពើពន្ធជាធរមាន។

យោងតាមសេចក្តីជូនដំណឹងដដែល បានបញ្ជាក់ឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារ ពិនិត្យឃើញថា ក្នុងអំឡុងពេលនៃការពន្យារពេល ប្រកាសបង់ពន្ធលើអចលនទ្រព្យ រហូតដល់ថ្ងៃទី៣១ ខែតុលា មានម្ចាស់អចលនទ្រព្យជាច្រើនកំពុងមានការមមាញឹកមកប្រកាសបង់ពន្ធ ខណៈដែលមានម្ចាស់អចលនទ្រព្យមួយចំនួនទៀតក៏នៅមិនទាន់ បានមកប្រកាសបង់ពន្ធប្រភេទនេះនៅឡើយទេ។

ដូចនេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសឲ្យដឹងថា ម្ចាស់អចលទ្រព្យទាំងអស់ ដែលមានអចលនទ្រព្យ ស្ថិតនៅក្នុងភូមិសាស្រ្តត្រូវជាប់ពន្ធលើអចលនទ្រព្យ នៃ រាជធានី -ខេត្ត ទូទាំងប្រទេសកម្ពុជា ត្រូវអញ្ជើញទៅប្រកាសបង់ពន្ធ វគ្គទី២ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកាឲ្យបានគ្រប់ៗគ្នា៕