(ភ្នំពេញ)៖ លោកអ្នកឧកញ៉ា លី ហួរ ត្រូវបានថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃអង្គសន្និបាត គំាទ្រ ១០០% បន្ដជ្រើសតាំងជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក្នុងអាណត្ដិទី៤ ( ឆ្នាំ២០២៥-២០២៧) ។
ការជ្រើសតាំងលោកអ្នកឧកញ៉ា លី ហួរ បន្ដជាប្រធានសមាគមអាណត្ដិថ្មីនេះ បានធ្វើឡើងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំប្រចាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ សមាគមអភិវឌ្ឍលំនៅឋានកម្ពុជា ដែលធ្វើឡើងនៅការិយាល័យររបស់សមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា។
ក្នុងឱកាសនោះ លោកអ្នកឧកញ៉ា លី ហួរ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ អនុប្រធាន និងសមាជិក សមាជិកា ដែលបានបន្ដគាំទ្រ ១០០% ក្នុងការជ្រើសតាំងលោកអ្នកឧកញ៉ា បន្ដជាប្រធានសមាគមនៅក្នុងអាណត្ដិថ្មីនេះ និងបានសម្ដែងការអរគុណផងដែរ ដោយកន្លងមកនេះសមាជិក សមាជិការ បានរួមគ្នាបំពេញបេសកកម្ម ធ្វើឱ្យសមាគមមានភាពរីកចម្រើន មានកេរ្ដិ៍ឈ្មោះ និងមានការគំាទ្រយ៉ាងពេញទំហឹងពីសំណាក់សាធារណៈជន និងរាជរដ្ឋាភិបាលកម្ពុជា រួមសហការគ្នាបានយ៉ាងល្អប្រសើរ។
ជាមួយគ្នានេះលោកអ្នកឧកញ៉ា បានសង្ឃឹមថាយ៉ាងមុតមាំថា សមាជិក សមាជិកទាំងអស់គ្នា បន្ដរួមកម្លាំងសាមគ្គីគ្នា បន្ដបេសកកម្មលើវិថីនេះបន្ដទៀត ប្រកបដោយជាទីមោទនៈ ។ទន្ទឹមនឹងនោះលោកអ្នកឧកញ៉ា បានបន្ដបេ្ដជ្ញាស្វែងរកយុទ្ធសាស្រ្ដ ដើម្បីលើវិថីទៅមុខកាន់តែមានភាពរីកចម្រើន។
គួរសញ្ជាក់ថា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា មានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកវិនិយោគលើវិស័យសំណង់ធំៗ និងបានចុះបញ្ជីសមាគម ដោយទទួលស្គាល់ជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥។ បច្ចុប្បន្ននេះសមាជិកសមាគម សរុបមានចំនួន ៧៣ក្រុមហ៊ុន ព្រមទាំងបានរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងមាន ប្រធាន១រូប ប្រធានកិត្តិយស១រូប អនុប្រធាន១១រូប ឧត្តមទីប្រឹក្សា១រូប ទីប្រឹក្សាជាន់ខ្ពស់៤រូប ទីប្រឹក្សាបច្ចេកទេស៣រូប ជំនួយការប្រធាន១ រូបអគ្គលេខាធិការ១រូប ទីប្រឹក្សាច្បាប់ និងមេធាវី១រូប ហេរញ្ញិក១រូប រដ្ឋបាល១រូប។
សូមជម្រាបថា ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំប្រចាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ សមាគមអភិវឌ្ឍលំនៅឋានកម្ពុជា គឺធ្វើឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម និងសំណង់៕