(សៀមរាប)៖ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានស្នើដល់ភាគីអ្នកពាក់ព័ន្ធក្នុងវិស័យសុខាភិបាល សូមបន្តចូលរួមគាំទ្រ និងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីវិស័យសុខាភិបាល កាន់តែមានការរីកចម្រើនថែមទៀត និងជាមូលដ្ឋានគ្រឹះ សម្រាប់គាំទ្រការពង្រីកវិសាលភាពឆ្ពោះទៅកាន់គោលដៅ នៃការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០៣៥ ប្រកបដោយប្រសិទ្ធភាព។
ការស្នើយ៉ាងដូច្នេះរបស់លោក នាក់ ណេរ៉ុន ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលខេត្ត ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់មន្ទីរសុខាភិបាលខេត្ត នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីលោកស្រី ខេង តារាស៊ី សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព លោកគ្រូ អ្នកគ្រូពេទ្យ និងតំណាងអង្គការដៃគូរជាច្រើនចូលរួមផងដែរ។
លោកបានបន្តថា ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធ សូមផ្តល់យកចិត្តទុកដាក់ខ្ពស់បន្ថែមក្នុងការអនុវត្តន៍ និងចូលរួមគាំទ្រ ក្នុងដំណើរការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព សមធម៌ និងការជឿជាក់ ជាពិសេស បន្តយកចិត្តទុកដាក់លើផែនការកន្លឹះក្នុងវិស័យសុខាភិបាល។
លោកបន្តថា ព្រោះការងារនេះ មិនអាស្រ័យលើមន្ត្រីសុខាភិបាលតែមួយតួអង្គប៉ុណ្ណោះទេ គឺទាមទាឲ្យមានការចូលរួមពីភាគីពាក់ព័ន្ធ និងផ្តល់កិច្ចសហការ ព្រោះភាគីពាក់ព័ន្ធទាំងអស់នេះហើយ ជាភ្នែក ជាច្រមុះ មិនអាចខ្វះបាន ក្នុងការតម្រង់ទិស ដើម្បីអភិវឌ្ឍវិស័យសុខាភិបាល ឲ្យកាន់តែប្រសើរឡើង និងការលើកកម្ពស់កិត្ដិយស និងសេចក្ដីថ្លៃថ្នូរនៃព្រះរាជាណាចក្រកម្ពុជា។
លោកក៏បានផ្តល់នូវគន្លឺះសំខាន់ៗ ជូនថ្នាក់ដឹកនាំ អ្នកពាក់ព័ន្ធ និងមន្រ្តីនៃមន្ទីរសុខាភិបាលខេត្ត ត្រូវបន្តអនុវត្តកម្មវិធីយុទ្ធសាស្ត្រក្រសួងសុខាភិបាល ផែនការអាទិភាព និងផែនការគន្លឹះវិស័យសុខាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ និងការទទួលខុសត្រូវ ព្រមទាំងយកចិត្តទុកដាក់ និងបង្កើនការងារថែទាំសុខភាពបឋមជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន សុខាភិបាលសុខភាពសាធារណៈ និងបន្តខិតខំដោះស្រាយបញ្ហាប្រឈម ដែលនៅសេសសល់ក្នុងឆ្នាំ២០២៤ និងអនុវត្តឲ្យមានប្រសិទ្ធភាពក្នុងទិសដៅឆ្នាំ២០២៥។
លោកបន្ថែមថា ត្រូវពង្រឹងលើការងារអប់រំ លើកកម្ពស់សុខភាព ដែលជាអាទិភាពចម្បង តាមរយៈផ្សព្វផ្សាយនូវសារអប់រំសុខភាព ដើម្បីបន្តយុទ្ធនាការផ្លាស់ប្តូរឥរិយាបទ នៃការរស់នៅជាប្រចាំរបស់ប្រជាពលរដ្ឋ ដូចជា៖ (តិចអំបិល តិចខ្លាញ់ តិចស្ករ) និងកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង និងថ្នាំជក់។
លោក នាក់ ណេរ៉ុន បញ្ជាក់ថា ត្រូវបន្តលើកកម្ពស់គុណភាព និងកែលម្អសេវាសុខាភិបាល ព្រមទាំងអន្តរាគមន៍សុខភាពសាធារណៈ ឲ្យបានទាន់ពេលវេលានៅតាមមណ្ឌលសុខភាព និងត្រូវពង្រឹងសមត្ថភាព ការអនុវត្ដន៍ក្រមសីលធម៌វិជ្ជាជីវៈរបស់មន្រ្តីរាជការសុខាភិបាល តាមរយៈអភិបាលកិច្ច ដើម្បីឲ្យការផ្តល់សេវាជូនប្រជាជនទាន់ពេលវេលា និងមានប្រសិទ្ធភាព។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានលើកឡើងថា អង្គសន្និបាតបានរំលេចឡើងនូវលទ្ធផលល្អប្រសើរ បើធៀបនឹងបណ្តាឆ្មាំមុនៗ ដោយបានបង្ហាញ ពីសក្តានុពលនៃការផ្តល់សុខភាពសាធារណៈគ្រប់កម្រិត គឺ ពីកម្រិតថ្នាក់មូលដ្ឋានរហូតដល់កម្រិតថ្នាក់ជាតិ ពិសេស មន្ទីរពេទ្យបង្អែកខេត្ត ក៏មានផ្តល់សេវាឯកទេសសម្រាប់អ្នកជំងឺគ្រប់វ័យ និងមន្ទីរពេទ្យជ័យវរ្ម័ន្នទី៧ ក៏បានផ្តល់សេវាឯកទេសសម្រាប់កុមារកម្រិតខ្ពស់ថ្នាក់ជាតិ និងមានប្រព័ន្ធទំនាក់ទំនងបញ្ជូនអ្នកជំងឺទាន់ពេលវេលា បើធៀបនឹងបណ្តាឆ្នាំមុនៗ។
ជាមួយនេះដែរ លោកបញ្ជាក់ថា អង្គសន្និបាត ក៏បានពិភាក្សាជាក្រុមលើប្រធាបបទសំខាន់ ដែលជាការងារអាទិភាព និងជាផែនការគន្លឹះក្នុងវិស័យសុខាភិបាល ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលផងដែរ៕