(កំពង់ឆ្នាំង)៖ លោកបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង បានថ្លែងបញ្ជាក់ថា ប្រទេសកម្ពុជាក្រោមម្លប់សន្តិភាព និងក្រោយការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ដល់សិទ្ធិដល់ប្រជាពលរដ្ឋគ្រប់រូប​ ជាពិសេស​បង​ប្អូន​ខ្មែរ​ឥស្លាម​មានសិទ្ធសេរីភាព ក្នុងការប្រតិបត្តិកិច្ចការសាសនារៀងៗខ្លួនដោយពេញលេញ។

លោកបណ្ឌិត ហ៊ឺ វីរៈ បានថ្លែងដូចនេះនាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នាឱកាសដែលោក និងលោកស្រី កុប ម៉ារីយ៉ាស អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងពិធីស្រាយបួស​ជាមួយបងប្អូន​ខ្មែរ​ឥស្លាម នៅវិហារភូមិឈូកក្រញ៉ាស់ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក តាំ ហាជីសឹម គណៈអ៊ីម៉ាំខេត្តកំពង់ឆ្នាំង លោក ឡឹប កទៀត អនុអ៊ីម៉ាំខេត្តកំពង់ឆ្នាំង លោក សា ស្មវី នាយកគ្រប់គ្រងគ្រូបង្រៀនខ្មែរឥស្លាមខេត្តកំពង់ឆ្នាំង លោក សេន លី គ្រូបង្រៀនខ្មែរឥស្លាម រួមនឹងរដ្ឋបាលភូមិឃុំឈូកស។

លោកបណ្ឌិត ហ៊ឺ វីរៈ បានថ្លែងដូចនេះថា​ «ប្រទេសកម្ពុជាក្រោមម្លប់សន្តិភាព និង​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិតរបស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា​ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ។ ទន្ទឹមនឹងនោះ​រដ្ឋាភិបាលបានផ្ដល់សិទ្ធិដល់ប្រជាពលរដ្ឋគ្រប់ៗរូប​ ជាពិសេស​បង​ប្អូន​ខ្មែរ​ឥស្លាម​មានសិទ្ធសេរីភាព ក្នុងការប្រតិបត្តិកិច្ចការ​សាសនារៀងៗខ្លួនដោយពេញលេញ»។

នាឱកាសនោះដែរលោកបណ្ឌិត ហ៊ឺ វីរៈ ក៏បានផ្ដាំផ្ញើដល់បងប្អូនខ្មែរឥស្លាមត្រូវថែរក្សាសុខភាពអំឡុងខែបួសរ៉ាម៉ាឌន ត្រូវ​សម្អាតបរិស្ថានជុំវិញវិហារ និងជុំវិញផ្ទះ ព្រមទាំង​បរិភោគអាហារណាដែលមានអនាម័យ​ ព្រោះកត្តាទាំងនេះធ្វើឱ្យយើងជៀសផុតពីជំងឺផ្សេងៗ៕