(ប៉ៃលិន)៖ លោក កើត សុធា អភិបាលខេត្តប៉ៃលិន លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នាថ្ងៃចុងសប្តាហ៍ ថ្ងៃទី៣០ ខែតុលាម្សិលមិញនេះ បាននាំយក ម៉ាស៊ីនកុំព្យូទ័រ ម៉ាស៊ីនហ្វូតូកូពី និងម៉ាស៊ីនព្រីនធឺ ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់ជូនដល់សាលារៀនចំនួន ០៣ ក្នុងស្រុកសាលាក្រៅ ក្នុងឱកាសដែលសម្តេច អញ្ជើញចុះសាកសួរសុខទុក្ខ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅខេត្តប៉ៃលិន កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ កន្លងទៅមកនេះ។
លោក កើត សុធា អភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា ដោយចង់ដឹងពីសុខទុក្ខរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋផ្ទាល់ សម្តេចតេជោ សែន បានអញ្ជើញបំពេញបេសកកម្មយ៉ាងនឿយហត់ មកតាមបណ្តាខេត្តទូទាំង ប្រទេស ដើម្បីពិនិត្យមើលស្ថានភាពជីវភាពរស់នៅ និងពិនិត្យមើលនូវសមិទ្ធិផលជាតិដែលសម្រេចបាន ព្រមទាំងឧបត្ថម្ភបន្ថែមទៀត ទៅតាមតម្រូវការចាំបាច់ ដែលជាអំណោយផ្ទាល់របស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
លោកក៏បាន សំណូមពរដល់ នាយកសាលា លោកគ្រូ អ្នកគ្រូ ត្រូវយកសម្ភារៈទាំងអស់នេះ ទៅប្រើប្រាស់ឱ្យចំគោលដៅនិងប្រើប្រាស់ បានយូរអង្វែងដើម្បីជាប្រយោជន៍ សម្រាប់បង្កើនប្រសិទ្ធភាពដល់ការអប់រំ បណ្តុះបណ្តាលសិស្សានុសិស្សដែលជាការឆ្លើយតប ទៅនឹងទឹកចិត្តដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
ក្នុងឱកាសនេះដែល លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាល មានសេចក្តីត្រេកអរ សប្បាយរីករាយព្រមទាំងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដែលសម្តេចតេជោ សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់អគារសិក្សាថ្មីៗ សម្ភារៈសិក្សាទំនើបៗ ដល់សាលា ដើម្បីសិស្សានុសិស្សបានសិក្សារៀនសូត្រកាន់តែ ងាយស្រួល និងកាន់តែល្អប្រសើឡើង។
សាលាដែលត្រួវទទួលបានសម្ភារៈសិក្សាពីសម្តេចតេជោ សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងនោះរួមមាន៖ទី១-សាលាអនុវិទ្យាល័យ សន្តិភាព ទទួលបាន ម៉ាស៊ីនកុំព្យូទ័រ ០២គ្រឿង ម៉ាស៊ីនហ្វូតូកូពី ០១គ្រឿង និងម៉ាស៊ីនព្រីនធឺ ០១គ្រឿង ទី២-សាលាបឋមសិក្សាសាលាក្រៅ ទទួលបាន ម៉ាស៊ីនកុំព្យូទ័រ ០២គ្រឿង ម៉ាស៊ីនហ្វូតូកូពី ០១គ្រឿង និងម៉ាស៊ីនព្រីនធឺ ០១គ្រឿង និងទី៣-សាលាអនុវិទ្យាល័យភ្នំកុយ មានម៉ាស៊ីនកុំព្យូទ័រ ១០គ្រឿង ម៉ាស៊ីនហ្វូតូកូពី ០១គ្រឿង និងម៉ាស៊ីនព្រីនធឺ ០២គ្រឿង ។
សូមបញ្ជាក់ថា ជាក់ស្តែងនៅក្នុងបំពេញបេសកកម្មអញ្ជើញមកមកខេត្តប៉ៃលិន សម្តេចតេជោ សែន បានផ្តល់អគារសិក្សា សរុប ៥៦ខ្នង ស្មើនឹង៥០៦បន្ទប់ព្រមទាំងសម្ភារៈសិក្សាមួយចំនួន ដូចជា ម៉ាស៊ីនកុំព្យូទ័រ ម៉ាស៊ីនហ្វូតូកូពី និងម៉ាស៊ីនព្រីនធឺ ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ហើយសមិទ្ធិផលទាំងអស់នេះ នឹងក្លាយជាថ្នាលបណ្តុះបណ្តាលនូវគុណភាពអប់រំរបស់កម្ពុជាឲ្យកាន់តែខ្លាំងក្លា ជាពិសេសគឺយុវជនដែលជាទំពាំងស្នងឫស្សីរបស់សង្គមជាតិសម្រាប់ជំនាន់នេះនិងជំនាន់ក្រោយៗទៀត៕