(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អញ្ជើញផ្សព្វផ្សាយអប់រំ និងបញ្ជ្រាបការយល់ដឹងស្តីពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនដល់មន្ត្រីបោះឆ្នោត តំណាងសមាគម សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតមកពីគ្រឹះស្ថានសិក្សានានា ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

លោក ប្រាជ្ញ ចន្ទ បានបន្ដថា ការបោះឆ្នោត គឺជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។ ការបោះឆ្នោតជាយន្ត ការសម្រាប់ជ្រើសរើសថ្នាក់ដឹកនាំគ្រប់ថ្នាក់រដ្ឋបាល នៃសង្គមប្រជាធិបតេយ្យការគ្រប់គ្រងប្រទេសតាមបែប ប្រជាធិបតេយ្យ ផ្តល់អំណាចជាធំដល់ប្រជាពលរដ្ឋនៅក្នុងការ សម្រេចចិត្តលើកិច្ចការធំៗរបស់ប្រទេសជាតិ តាមរយៈការបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន។

នៅឆ្នាំ១៩៩៣ អ៊ុនតាក់ (UNTAC) បានរៀបចំការបោះឆ្នោត ដើម្បីជ្រើសតាំងសភាធម្មនុញ្ញ ដោយមានអ្នកបោះឆ្នោតចំនួន ៤,២៦៧,១៩២នាក់ នៃចំនួនអ្នកមានឈ្មោះក្នុង បញ្ជីបោះឆ្នោតសរុប ៤,៧៦៤,៤៣០នាក់ ស្មើនឹង ៨៩.៥៦% បានចេញទៅបោះឆ្នោត។ ការបោះឆ្នោតនេះ មានគណបក្សនយោបាយចូលរួមសរុបចំនួន ២០គណបក្ស និងជាលទ្ធផលគណបក្សដែលទទួលបានអាសនៈក្នុងសភាធម្មនុញ្ញមានតែ ៤គណបក្ស ប៉ុណ្ណោះ គឺគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៥៨អាសនៈ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៥១អាសនៈ គណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា ទទួលបាន ១០អាសនៈ និងគណបក្សម៉ូលីណាកា និងអ្នកតស៊ូខ្មែរដើម្បីសេរីភាពទទួលបាន ១អាសនៈ នៃអាសនៈសរុបចំនួន ១២០អាសនៈ។

បន្ថែមពីនេះ លោក ប្រាជ្ញ ចន្ទ បានបន្ដទៀតថា ពិតមែនតែឆ្នាំ២០២៥នេះ ពុំមានការរៀបចំការបោះឆ្នោតសកលក្តី តែការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ គឺជាឆ្នាំដំបូងនៃការធ្វើបច្ចុប្បន្នភាព ទិន្នន័យជីវមាត្រ។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ត្រូវអនុវត្តតាមច្បាប់បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ សេចក្តីសម្រេចផែនការមេ និងប្រតិទិនដែលបានកំណត់។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥នេះ មានរយៈពេលតែ២៦ថ្ងៃ តែប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។

ទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖