(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) បានអញ្ជើញជួបសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៤២៥គ្រួសារ មកពីសង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំេរះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលជាថ្ងៃចុងក្រោយ នៃការចែកអំណោយ របស់អង្គការសម្ព័ន្ធពិភពឥស្លាម(MWL) នៃប្រទេសអារ៉ាប៊ីសាអូឌីត ផ្តល់ជូនតាមរយៈអង្គការ CMDF នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី បានថ្លែងថា អង្គការសម្ព័ន្ធពិភពឥស្លាម នៃប្រទេសអារ៉ាប៊ីសាអូឌីត តែងតែផ្តល់ជំនួយកញ្ចប់អាហារស្រាយបួសជូនសមាគមន៍ឥស្លាមកម្ពុជា តាមរយៈអង្គការ CMDF ចំនួនរាប់ពាន់កញ្ចប់ ជារៀងរាល់ឆ្នាំ ដោយឆ្នាំនេះមានចំនួន ២៨២០កញ្ចប់ ដើម្បីចែកជូនប្រជាពលរដ្ឋក្នុងខែបួសរ៉ាម៉ាឌន។
ក្រៅពីអង្គការសម្ព័ន្ធពិភពឥស្លាម ក៏មានអង្គការអន្តរជាតិឥស្លាមផ្សេងៗទៀតផងដែរ ដែលតែតែផ្តល់ជូនកញ្ចប់អាហារស្រាយបួស តាមរយៈអង្គការ CMDF មានដូចជា អង្គការសប្បុរសធម៌កាតា (Qatar Charity) ផ្តល់ជូនចំនួន៧១៤ កញ្ចប់, អង្គការហាសាណៈ (Hasane) នៃប្រទេសអាឡឺម៉ង់ ចំនួន៦០០កញ្ចប់ និងអង្គការមូលនិធិ Diyanet នៃប្រទេសតួកគីយ៉េ ចំនួន១១០០កញ្ចប់ តាមរយៈសមាគមគ្រូបង្រៀនខ្មែរឥស្លាម សហការជាមួយអង្គការ CMDF សម្រាប់ចែកជូនប្រជាពលរដ្ឋក្នុងខែរ៉ាម៉ាឌន ឆ្នាំ២០២៥ នេះ។
លើសពីនេះទៅទៀត នៅឆ្នាំ២០២៥ មជ្ឈមណ្ឌលជួយសង្គ្រោះ និងមនុស្សធម៌របស់ ព្រះចៅ សាល់ម៉ាន ពិន អាប់ឌុលអាហ្ស៊ីស ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត (KSRelief) បានផ្តល់ជំនួយមនុស្សធម៌ផ្លែល្មើ ចំនួន២៥តោន តាមរយៈមជ្ឈមណ្ឌលឥស្លាមភ្នំពេញ (PPIC) ក្រសួងកិច្ចការឥស្លាមអារ៉ាប៊ីសាអូឌីតផ្តល់ជូនផ្លែល្មើចំនួន៥តោន តាមរយៈអង្គការ CMDF លោក Nasser Bin Abdullatif Al-Serkal ម្ចាស់ជំនួយវិហារឥស្លាមអន្តរជាតិអាល់សាកាល់ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម ផ្តល់ជូនល្មើ ២.៥ តោន តាមរយៈ CMDF និងក្រសួងកិច្ចការឥស្លាម នៃប្រទេសអូម៉ង់ផ្តល់ជូនល្មើ ចំនួន៤០០គីឡូក្រាម តាមរយៈអង្គការ CMDF។ ទន្ទឹមគ្នានេះ មជ្ឈមណ្ឌលជួយសង្គ្រោះ និងមនុស្សធម៌របស់ ព្រះចៅ សាល់ម៉ាន ក៏បានផ្តល់ជំនួយគម្ពីរអាល់គួរអាន ចំនួន៥០,០០០ក្បាល ដល់សហគមន៍ឥស្លាម តាមរយៈអង្គការ CMDF ផងដែរ។
ទេសរដ្ឋមន្ត្រីមានថ្លែងបញ្ជាក់ថា ជាទូទៅក្នុងមួយឆ្នាំៗ សហគមន៍ឥស្លាមកម្ពុជា បានទទួលអំណោយកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ពីអង្គការសមាគមផ្សេង សប្បុរសជនក្នុងស្រុក និងក្រៅស្រុក មានចំនួនមិនតិចជាង៥ម៉ឺន ទៅ៧ម៉ឺនគ្រួសារ គិតជាថវិកាជាង១លានដុល្លារ សម្រាប់ទូទាំងប្រទេស។
លោកបានលើកឡើងបន្ថែមថា អំណោយដែលផ្តល់ជូននាពេលនេះ មិនអាចជួយសម្រាលបន្ទុកជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋ ក្នុងរយៈពេលយូរអង្វែងនោះទេ ប៉ុន្តែនេះជាទឹកចិត្តរបស់សប្បុរសជន នៃប្រទេសឥស្លាមនានា ក្នុងនាមឥស្លាមដូចគ្នា។ អ្វីដែលសំខាន់នោះ ប្រជាពលរដ្ឋត្រូវខិតខំប្រកបមុខរបស់ ដើម្បីបង្កើនសេដ្ឋកិច្ចក្នុងគ្រួសារ។
ទេសរដ្ឋមន្ត្រី បានបន្ថែមថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានខិតខំប្រែប្រែងដឹកនាំប្រទេសយ៉ាងខ្លាំងខ្លា ធ្វើយ៉ាងណាដើម្បីឲ្យប្រជាពលរដ្ឋមានជីវភាពរស់នៅធូរធា សេដ្ឋកិច្ចមានការកើនឡើងបន្ថែមទៀត រក្សាបាននូវសុខសន្តិភាព ព្រមទាំងបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយគ្មានការរើសអើងពូជសាសន៍ និងជម្លោះសាសនាឡើយ។
លោកក៏បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលតែងតែស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះជំនួយ និងអំណោយ ដែលផ្តល់ដោយអង្គការសប្បុរសធម៌ផ្សេងៗ ដើម្បីផ្តល់ផលប្រយោជន៍រួមដល់ប្រជាជនកម្ពុជា ហើយសង្ឈឹមថា អង្គការសប្បុរសធម៌នានា បន្តផ្តល់ជំនួយដល់សហគមន៍ឥស្លាមបន្ថែមទៀត។ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមបន្តថែរក្សាសុខសន្តិភាព សុខដុមនីយកម្ម ជាតិសាសន៍ និងសាសនា ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។
សូមជម្រាបជូនថា អំណោយដែលចែកជូនប្រជាពលរដ្ឋនាថ្ងៃនេះមានតម្លៃ ២៨ដុល្លារក្នុង១កញ្ចប់ ក្នុងនោះមានដូចជា អង្ករ២០គីឡូ, ទឹកដោះគោ៤កំប៉ុង, មី១០កញ្ចប់, ស្ករស២គីឡូ, កូកា១ដបស្មើ១លីត្រកន្លះ៕